ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺជាការប្រមូលផ្តុំការងារការទូតដ៏ធំក្នុងប្រវត្តិសាស្រ្តកម្ពុជា។
ការថ្លែងរបស់ប្រមុខការទូតកម្ពុជាបែបនេះ បានធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ចីរភាព និងផ្អែកលើច្បាប់សម្រាប់ASEM ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងទូតមួយចំនួនប្រចាំកម្ពុជាផងដែរ។
នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM13 ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ គឺជាឱកាសពិសេសសម្រាប់កម្ពុជាដើម្បីលើកកម្ពស់កិច្ចប្រជុំកំពូលនេះ ឱ្យក្លាយជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំ ASEM ទាំងអស់ ដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងសកលមានជាអាទិ៍ ៖ បញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បញ្ហាការងាររបស់យុវជន និងយេនឌ័រជាដើម ក្នុងចំណោម បញ្ហាប្រឈមជាច្រើនទៀត។
ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាពេលខាងមុខនឹងនាំដល់ការប្រមូលផ្តុំការងារការទូតដ៏ធំនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ។
ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងអំពីការចេញនូវសៀវភៅសិក្សាស្រាវជ្រាវគាំទ្រកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីធានាយ៉ាងណាឲ្យអាស៊ី និងអឺរ៉ុប ទទួលបាននូវអនាគតមួយប្រកបដដោយភាពធន់ ស្ថិតស្ថេរ និងផ្អែកទៅលើច្បាប់។
ឯកឧត្តម ប្រាក់ សុខុន បានបន្ថែមថា សៀវភៅនេះបានរួមបញ្ចូលនូវការគិតគូដ៏ហ្មត់ចត់តាមរយៈ អត្ថបទនានា ដែលផ្តោតលើទិដ្ឋភាពសំខាន់ៗ ដោយរាប់ចាប់ពីការតភ្ជាប់ផ្នែកនយោបាយ និងរូបវ័ន្ត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការតភ្ជាប់រវាងស្ថាប័ន និងប្រជាជនរហូតដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ សៀវភៅនេះទៀតសោត ក៏ផ្តល់នូវគំនិតល្អៗជាច្រើន ដើម្បីជំរុញ ASEM ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលនាពេលខាងមុខ៕
អត្ថបទ៖ ឧត្តម+សុភ័ណ