ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ មករា) ថា ប្រទេសអ៊ូហ្គង់ដាបានបញ្ជាក់ពីការផ្ទុះឡើងនៃវីរុសអេបូឡា (Ebola) នៅក្នុងរដ្ឋធានីកាំប៉ាឡា ដោយមានអ្នកជំងឺដំបូងគេត្រូវបញ្ជាក់ថាបានស្លាប់ដោយសារមេរោគនេះនៅថ្ងៃពុធសប្ដាហ៍នេះ។

នេះគឺជាការផ្ទុះឡើងលើកទី៩ របស់ប្រទេសអាហ្រ្វិកខាងកើតមួយនេះ ចាប់តាំងពីខ្លួនបានកត់ត្រាការឆ្លងដំបូងនៃជំងឺចម្លងអេបូឡាក្នុងឆ្នាំ២០០០។

អ្នកជំងឺ ដែលជាគិលានុបដ្ឋាយិកាបុរសនៅមន្ទីរពេទ្យបង្អែកជាតិ Mulago ក្នុងក្រុងកាំប៉ាឡា ដំបូងឡើយបានស្វែងរកការព្យាបាលនៅតាមកន្លែងផ្សេងៗ រួមទាំងនៅពេទ្យ Mulago ក៏ដូចជាទៅរកគ្រូព្យាបាលតាមបែបប្រពៃណី បន្ទាប់ពីមានរោគសញ្ញាដូចគ្រុនក្តៅ។

ក្រសួងសុខាភិបាលបាននិយាយថា "អ្នកជំងឺរូបនោះបានជួបប្រទះនឹងការខូចសរីរាង្គជាច្រើន ហើយបានស្លាប់ដោយសារជំងឺនេះនៅមន្ទីរពេទ្យបង្អែកជាតិ Mulago កាលពីថ្ងៃទី២៩ ខែមករា។ សំណាកក្រោយការស្លាប់បានបញ្ជាក់ថាមានជំងឺអេបូឡា"។
ជំងឺគ្រុនក្តៅដែលមានការចម្លងខ្លាំងនេះគឺឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវពីរាងកាយអ្នកជំងឺ និងជាលិកាដែលឆ្លងមេរោគ។ រោគសញ្ញារួមមាន ឈឺក្បាល ក្អួតចេញឈាម ឈឺសាច់ដុំ និងហូរឈាមតាមរាងកាយជាដើម៕