ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្ដង់ដារចំនួន ២១ និងកំពុងបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យ នានាសម្រាប់សេដ្ឋកិច្ចជាតិ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់។
ក្រុមប្រឹក្សាស្តង់ដារជាតិ នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំលើកទី ៣០ ដើម្បីពិនិត្យ និងអនុម័តស្តង់ដា សម្រាប់វិស័យផ្សេងៗ ខណៈដែលអាស៊ានកំពុងជំរុញការអនុវត្តស្តង់ដារសុខដុមនីយកម្មតំបន់ និងស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជា ដើម្បីក្លាយជាសមាជិកពេញសិទ្ធនៃអង្គការស្តង់ដារអន្តរជាតិ (ISO) ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាស្តង់ដារ ជាតិ បានលើកឡើងថា ក្រុមប្រឹក្សាស្តង់ដារជាតិបានបន្តអនុម័តស្តង់ដារថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យនានា នៅក្នុង សេដ្ឋកិច្ចជាតិ ការទាក់ទាញការវិនិយោគ គាំទ្រការនាំចេញ និងធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
កិច្ចប្រជុំលើកទី៣០ នេះ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារជាតិ (CS) ស្តង់ដារ ទាំងនោះរួមមាន៖ ស្តង់ដារ ISO ចំនួនបី សម្រាប់ប្រព័ន្ធបំពង់ទុយយោប្លាស្ទិករងសម្ពាធ សម្រាប់បំពង់ចែកចាយទឹកស្អាត បំពង់ បង្ហូរទឹកលូទឹកកខ្វក់, ស្តង់ដារសម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ និងស្រាអង្ករ, ស្តង់ដារ ISO ចំនួនប្រាំពីរ សម្រាប់ការគ្រប់គ្រងគុណភាព និងការបំពេញចិត្តអតិថិជន, ស្ដង់ដារ UNECE ចំនួនប្រាំ សម្រាប់ឧបករណ៍ចំណាំងផ្លាត ឧបករណ៍បំភ្លឺ និងផ្តល់សញ្ញាយានយន្ត និងរ៉ឺម៉កសណ្តោង និងគន្លឹះទ្វារយានយន្ត, ស្តង់ដារ ISO ចំនួនបី សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រតិបត្តិការឌីជីថល ដើម្បីធានាសុវត្ថិភាពនៃការធ្វើអាជីវកម្មពីធុរកិច្ចទៅអ្នកប្រើប្រាស់។ ការអនុម័តស្តង់ដារទាំងនេះ នឹងជំរុញភាពប្រកួតប្រជែងផ្នែក ឧស្សាហកម្ម លើកកម្ពស់ភាពអនុលោមតាមបទប្បញ្ញត្តិអន្តរជាតិ ដោយពង្រឹងសមាហរណកម្មកម្ពុជា ទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី










