ប្រធានាធិបតីទើបតែងតាំងថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ថា លោកនឹងបង្កើតរដ្ឋាភិបាលអន្តរកាលរួបរួមមួយ តំណាងឱ្យសហគមន៍ចម្រុះ ដែលនឹងកសាងស្ថាប័ន និងគ្រប់គ្រងប្រទេស រហូតដល់ខ្លួនអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

លោក Sharaa បានថ្លែងទៅកាន់ប្រជាជាតិនៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានតែងតាំងជាប្រធានាធិបតីសម្រាប់រយៈពេលអន្តរកាលកាលពីថ្ងៃពុធដោយក្រុមប្រដាប់អាវុធ ដែលបានបណ្តេញអតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅក្នុងការវាយលុកលឿនដូចផ្លេកបន្ទោល កាលពីឆ្នាំមុន។

ក្រុមប្រដាប់អាវុធដែលដឹកនាំការវាយលុក គឺក្រុម Hayat Tahrir al-Sham ចាប់តាំងពីពេលនោះមក បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ បានស្វាគមន៍ជាបន្តបន្ទាប់នៃគណៈប្រតិភូជាន់ខ្ពស់ផ្នែកការទូតរបស់ប្រទេសលោកខាងលិច និងអារ៉ាប់ ក្នុងបំណងជួយធ្វើឲ្យប្រទេសមានស្ថិរភាព បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល១៣ឆ្នាំ។
លោក Sharaa នៅក្នុងសុន្ទរកថារបស់លោកបាននិយាយថា លោកនឹងបង្កើតស្ថាប័ននីតិប្បញ្ញត្តិតូចមួយ ដើម្បីបំពេញភាពចន្លោះប្រហោងនៅក្នុងសភា រហូតដល់ការបោះឆ្នោតថ្មីត្រូវបានរៀបចំឡើង ក្រោយសភាប្រទេសស៊ីរី ត្រូវបានរំលាយ កាលពីថ្ងៃពុធ។
លោកនិយាយថា នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកនឹងប្រកាសពីការបង្កើតគណៈកម្មាធិការ ដែលនឹងរៀបចំធ្វើសន្និសីទការសន្ទនាថ្នាក់ជាតិ ជាវេទិកាសម្រាប់ប្រជាជនស៊ីរី ដើម្បីពិភាក្សាអំពីកម្មវិធីនយោបាយរបស់ប្រទេស នាពេលអនាគត។