ខណៈសភារបស់ប្រទេសឈីលី អនុម័តកំណែទម្រង់ដ៏សំខាន់មួយចំពោះប្រព័ន្ធសោធនឯកជនដ៏ចម្រូងចម្រាសរបស់ខ្លួន ប្រជាជនបានបង្ហាញពីអារម្មណ៍ច្របូកច្របល់អំពីការកែប្រែទៅជាប្រព័ន្ធមួយដែលបានកំណត់ការសន្សំប្រាក់ចូលនិវត្តន៍។

សេចក្តីស្នើច្បាប់កំណែទម្រង់ ដែលត្រូវបានអនុម័តដោយសម្លេងគាំទ្រ១១០សំឡេង និង៣៨សំឡេងប្រឆាំងកាលពីថ្ងៃពុធ ទី២៩ ខែមករា បានបង្ហាញពីការកែប្រែដ៏សំខាន់ពីប្រព័ន្ធសោធននិវត្តន៍ដែលបានបង្កើតឡើងក្នុងអំឡុងរបបផ្តាច់ការ Augusto Pinochet ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

ច្បាប់ថ្មីនេះ រួមបញ្ចូលទាំងការបង្កើនការរួមចំណែករបស់និយោជក និងការសន្យាដើម្បីដោះស្រាយការរិះគន់ជាយូរមកនៃការចំណាយប្រាក់សោធននិវត្តន៍ទាប។
លោក Sandro Toledo អ្នកជំនាញផ្នែកផ្សព្វផ្សាយ អាយុ៤៩ឆ្នាំ បាននិយាយថា «វាមានការភាន់ច្រឡំ ប្រជាជនពុំយល់អ្វីនោះទេ» ដោយបង្ហាញពីមនោសញ្ចេតនាដ៏សាម័ញ្ញក្នុងចំណោមប្រជាជនឈីលី ដែលកំពុងរកមធ្យោបាយដោះស្រាយចំពោះកំណែទម្រង់ដ៏ស្មុគស្មាញនេះ។
ទោះជាយ៉ាងណា មនុស្សមួយចំនួនមើលឃើញថា ការសន្យាក្នុងការរួមមតិគ្នាផ្នែកនយោបាយ ទទួលបានជោគជ័យ។
លោក Roberto Moreno ពាណិជ្ជករអាយុ៦៤ ឆ្នាំ បាននិយាយថា «វាមានភាពវិជ្ជមាន មិនត្រឹមតែសម្រាប់ប្រាក់សោធនប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញថាថ្នាក់នយោបាយ អាចឈានដល់កិច្ចព្រមព្រៀងផងដែរ» ។
កំណែទម្រង់នេះ នឹងបង្កើនការរួមចំណែករបស់និយោជកជាបន្តបន្ទាប់ដល់ទៅ៨,៥% និងបង្កើតប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងកែតម្រូវវិសមភាព រួមទាំងវិសមភាពយេនឌ័រនៅក្នុងប្រាក់សោធននិវត្តន៍ ផងដែរ។ វាក៏រៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រងមូលនិធិសោធននិវត្តន៍បច្ចុប្បន្ន (AFP) ដោយបើកចំហទីផ្សារដល់អ្នកគ្រប់គ្រងថ្មី រួមទាំងក្រុមហ៊ុនអន្តរជាតិ។
កំណែទម្រង់ ដែលជាការសន្យាយុទ្ធនាការដ៏សំខាន់មួយរបស់ប្រធានាធិបតី លោក Gabriel Boric បង្ហាញពីការកែប្រែសំខាន់បំផុតនៃប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសឈីលី ចាប់តាំងពីការធ្វើឯកជនភាវូបនីយកម្មរបស់ខ្លួន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។