ខណៈសីតុណ្ហភាព កើនឡើងដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល បុគ្គលិកថែទាំសុខភាព កំពុងធ្វើការឥតឈប់ឈរ ដើម្បីការពារប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងទីក្រុង ពីផលប៉ះពាល់ដែលអាចស្លាប់បាន បណ្តាលមកពីរលកកម្តៅខ្លាំង។

គិលានុបដ្ឋាយិកា មកពីទីក្រុង Rio បានធ្វើដំណើរទៅកាន់សង្កាត់ក្រីក្ររបស់ទីក្រុងនេះ ដើម្បីផ្តល់ការថែទាំបឋម ដល់ប្រជាជនដែលមានហានិភ័យបំផុត ដូចជាមនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

ក្រុមថែទាំសុខភាព កំពុងធ្វើដំណើរនៅតាមផ្លូវតូចចង្អៀត ហើយថែមទាំងដើរតាមផ្លូវរថភ្លើង ដើម្បីបានទៅដល់អ្នកជំងឺរបស់ពួកគេ។
ទីក្រុងមួយនេះ មានសីតុណ្ហភាពកើនឡើងចន្លោះពី៣៦អង្សាសេ និង៤០អង្សាសេ។
យោងតាមការព្យាករណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា សីតុណ្ហភាពអតិបរមា ឡើងដល់ ៣៧អង្សាសេ។
ប្រជាជន បានរកឃើញវិធីច្នៃប្រឌិតជាច្រើនដើម្បីទប់ទល់នឹងសីតុណ្ហភាពក្តៅខ្លាំង។ កុមារមួយចំនួនធ្វើឲ្យខ្លួនត្រជាក់ដោយលេងនៅក្នុងអាងទឹកបណ្ដោះអាសន្ន ខណៈគ្រួសារជាច្រើនប្រើប្រាស់ទុយោបាញ់ទឹកបាញ់នៅមាត់ទ្វារ។