រយៈពេលជាងជិត៤០ម៉ោងបន្ទាប់ពីមនុស្សរាប់សិបនាក់បានស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នានៅឯការជួបជុំមនុស្សជាតិដ៏ធំបំផុតនៅលើពិភពលោក សាច់ញាតិនៅតែបន្តស្វែងរកសមាជិកគ្រួសារដែលបាត់ខ្លួនរបស់ពួកគេ ដោយរត់ចេញពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ។

មិនខុសពីអ្នកផ្សេងដែរ អ្នកស្រី Kaikeyi Devi មកពីរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា បានរៀបរាប់ថាភាពសប្បាយរីករាយ បានក្លាយជាសុបិនអាក្រក់បំផុតនៃជីវិតរបស់អ្នកស្រី ពេលអ្នកស្រីបានមើលឃើញប្តីរបស់ខ្លួនត្រូវបានគេជាន់នៅនឹងភ្នែករបស់ខ្លួន។អ្នកស្រីនិយាយថាអ្នកស្រីមកកន្លែងតម្កល់សពគឺដើម្បីរង់ចាំទទួលសាកសពប្ដី ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ជាកម្មករមកពីរដ្ឋ Bihar លោក Manoj Kumar Sahni បាននិយាយថា លោកកំពុងស្វែងរកឪពុករបស់លោកដែលបាត់ខ្លួនតាំងពីការប្រជ្រៀតជាន់គ្នាមក ប៉ុន្តែមិនទាន់បានរកឃើញនៅឡើយទេរហូតមកដល់ពេលនេះ។បុរសវ័យ៤២ឆ្នាំរូបនេះបាននិយាយថា លោកបានស្វែងរកឪពុកតាំងពីបីថ្ងៃចុងក្រោយ។លោកទៅមន្ទីរពេទ្យផងដែរប៉ុន្តែនៅតែពុំទាន់បានរកឃើញ ។

ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរឥណ្ឌាបានបញ្ជាឱ្យស៊ើបអង្កេតលើមូលហេតុប្រជ្រៀតជាន់គ្នានៅឯពិធីបុណ្យ មហា កុម្ភ មេឡា (Maha Kumbh mela)នៃសាសនាហិណ្ឌូ ឬហៅថា ពិធីបុណ្យឆ្នាំងទឹកអម្រិត (Great Pitcher Festival) ដ៏ធំបំផុតរបស់ពិភពលោក ដែលបានសម្លាប់អ្នកកាន់សាសនាប្រមាណ៤០ នាក់កាលពីថ្ងៃពុធ សប្ដាហ៍នេះ ខណៈមនុស្សរាប់លាននាក់បានប្រមូលផ្តុំគ្នាសម្រាប់ ពិធីងូតទឹក នៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ ដែលជាផ្នែកនៃព្រឹត្តិការណ៍រយៈពេលប្រាំមួយសប្តាហ៍ ។
មនុស្សជិត២៨០ លាននាក់បានចូលរួមពិធីបុណ្យនេះចាប់តាំងពីបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន រួមទាំងក្រុមរដ្ឋមន្ត្រីសហព័ន្ធ ម្ចាស់ឧស្សាហកម្ម និងតារាល្បី៕