ភ្នំពេញ ៖ ជាថ្មីម្តងទៀត មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល នៅថ្ងៃនេះ បានអំពាវនាវដល់អ្នក ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតកងការពារក្នុងខ្លួនប្រាណ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងប្រជាប្រេធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលសុខាភាពសាធារណៈមួយចំនួន ក្នុងខេត្តកំពង់ធំ និងការផ្តល់សេវាសុខាភិបាលជូនប្រជាជពលរដ្ឋក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនេះ លោកជំទាវ បានក្រើនរំលឹកដល់អ្នកជាពីជំងឺកូវីដ-១៩ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំង ដើម្បីបង្កើត កងការពារក្នុងខ្លួនទប់ទល់ទៅនឹងមេរោគកូវីដ-១៩ ទៅពេលអនាគត។
នៅកម្ពុជា ការចាក់វ៉ាក់សាំង គឺជាមធ្យោបាយមួយ ក្នុងចំណោមវិធានការសុខាភិបាលចាំបាច់ដទៃ ទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅ លើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្ន ដំណើការចាក់វ៉ាក់សាំងនៅកម្ពុជា មានល្បឿនលឿនជាងផែនការ មេ ដែលបានគ្រោងទុក ៕
អត្ថបទ៖ ទូច សោភ័ណ