មន្ត្រីស៊ើបអង្កេតការធ្លាក់យន្តហោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ការស៊ើបអង្កេតលើអគ្គីភ័យដែលបានឆាបឆេះយន្តហោះ Air Busan នៅឯអាកាសយានដ្ឋានកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ កំពុងត្រូវបានបង្អាក់ ដោយសារប្រេងឥន្ធនៈ និងអុកស៊ីហ្សែនដ៏ច្រើនលើសលប់នៅតែមាននៅលើយន្តហោះ។

អាជ្ញាធរនៅថ្ងៃសុក្រ (៣១ មករា) សប្ដាហ៍នេះ បានធ្វើការវាយតម្លៃលើការគ្រប់គ្រងហានិភ័យ មុនពេលការស៊ើបអង្កេតពេញលេញនៃយន្តហោះឆេះ Airbus A321 ដែលនៅតែស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុងប៊ូសាន ភាគខាងត្បូង។

ក្រសួងដឹកជញ្ជូនបាននិយាយថា យន្តហោះនេះនៅតែមានផ្ទុកប្រេងឥន្ធនៈប្រហែល ១៦.២៨០គីឡូក្រាម និងសម្ភារៈគ្រោះថ្នាក់ងាយឆាបឆេះផ្សេងទៀតដូចជាធុងអុកស៊ីហ្សែន ហើយអាជ្ញាធរត្រូវសម្រេចចិត្តថាតើប្រេងឥន្ធនៈនោះត្រូវបង្ហូរចេញឬយ៉ាងណា មុនពេលការស៊ើបអង្កេតពេញលេញអាចចាប់ផ្តើមបាន។

អគ្គិភ័យនេះបានកើតឡើងនៅម៉ោង ១០និង១៥នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈយន្តហោះកំពុងរៀបចំចេញដំណើរទៅកាន់ទីក្រុងហុងកុង ហើយប្រទះឃើញដំបូងដោយបុគ្គលិកនៅផ្នែកខាងក្រោយឆៀងខាងឆ្វេងនៃយន្តហោះ។ អ្នកដំណើរទាំង ១៦៩នាក់ និងបុគ្គលិក ៧នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព៕