បារាំង បានព្រមានអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនអាចបាត់បង់គ្រប់យ៉ាង ប្រសិនបើលោកប្រធានាធិបតី Donald Trump បញ្ចេញសង្រ្គាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ខណៈទ្វីបដ៏ចំណាស់នៃជួបការលំបាកក្នុងការទប់ទល់នឹងមេដឹកនាំអាមេរិកថ្មី។

ថ្លែងប៉ុន្មានម៉ោងបន្ទាប់ពីជំនួបតាមទូរសព្ទលើកដំបូងកាលពីថ្ងៃអង្គារ (២៨ មករា) សប្ដាហ៍នេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកទើបតែងតាំងថ្មី គឺលោក Marco Rubio រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានអះអាងថា ក្រុមហ៊ុនអាមេរិករាប់ពាន់ដែលមានមូលដ្ឋាននៅអឺរ៉ុប នឹងក្លាយជា "ជនរងគ្រោះដំបូង" ប្រសិនបើលោក Trump ដំឡើងពន្ធ។

ប្រមុខការទូតបារាំងរូបនេះក៏បានចង្អុលបង្ហាញថា "អាមេរិកវិនិយោគនៅអឺរ៉ុប ច្រើនជាងអឺរ៉ុបវិនិយោគនៅអាមេរិក" ហើយថាទីក្រុងវ៉ាស៊ីនតោន "អាចចាញ់គ្រប់យ៉ាងពីការចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអឺរ៉ុប"។
សម្រាប់ពេលនេះ លោក Trump មិនបានអនុវត្តការគំរាមកំហែងដែលលោកបានធ្វើជាញឹកញាប់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួនក្នុងការដាក់ពន្ធបន្ថែមលើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនោះទេ ប៉ុន្តែការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មឆ្លងអាត្លង់ទិក កើនឡើងខ្ពស់ខ្លាំងនៅអឺរ៉ុប។

មានសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែងនៅក្នុងរដ្ឋធានីអឺរ៉ុប បន្ទាប់ពីលោក Trump មិនបានបង្ហាញពីពន្ធដាក់ទណ្ឌកម្មក្នុងអំឡុងពេល ១០ថ្ងៃដំបូងនៅក្នុងតំណែង បើទោះបីជាលោកប្រធានាធិបតីរូបនេះបានប្រឆាំងនឹងឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយអឺរ៉ុបក៏ដោយ៕