នៅពេលដែលទីក្រុង Los Angeles របស់អាមេរិក កំពុងងើបឡើងវិញពីចំហេះព្រៃដ៏កាចសាហាវរបស់ខ្លួន អ្នកស្រុកប្រឈមនឹងពេលវេលាដ៏លំបាក និងយូរអង្វែងក្នុងការកសាងឡើងវិញ ខណៈក្រុមវិស្វករបរិស្ថាន អ្នករៀបចំផែនការទីក្រុង និងអ្នកជំនាញគ្រោះមហន្តរាយធម្មជាតិកំពុងសម្លឹងឆ្ពោះទៅមុខជាមួយនឹងចក្ខុវិស័យនៃអ្វីដែលអាចកើតឡើងបន្ទាប់ សម្រាប់តំបន់ដែលត្រូវបំផ្លាញទៅជាផេះ និងកម្ទេចថ្ម។

អគារផ្ទះល្វែងអាចត្រូវសាងសង់ឡើងនៅកន្លែងដែលផ្សារទំនើប និងចំណតរថយន្តធ្លាប់ស្ថិតនៅ ដោយមានអ្នកស្រុកដើរទៅកាន់ហាងនៅជាន់ផ្ទាល់ដី ការិយាល័យ និងហាងកាហ្វេតាមបែបអឺរ៉ុប។ ទីក្រុងនេះក៏អាច "បំពេញ" បន្ថែមនូវលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងតំបន់ទីប្រជុំជនដែលមានសុវត្ថិភាព ជាជាងនៅខាងក្រៅជាមួយនឹងផ្ទះវីឡាលក្ខណៈគ្រួសារដាច់ដោយឡែកនៅលើភ្នំ ដែលងាយនឹងឆាបឆេះដោយចំហេះព្រៃ។

ការឌីហ្សាញទាំងនេះគឺជាគំនិតដ៏ក្លាហានមួយចំនួនរបស់ក្រុមអ្នកសិក្សា សម្រាប់ទីក្រុង Los Angeles បន្ទាប់ពីបានធូរស្រាលពីចំហេះ Eaton និង Palisades ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងបង្កការខូចខាត ឬបំផ្លាញរចនាសម្ព័ន្ធជិត ១៦.០០០កន្លែង ហើយឆាបឆេះផ្ទៃដីទំហំ ១៥២គីឡូម៉ែត្រក្រឡា ដែលជាតំបន់ធំជាងទីក្រុងប៉ារីសទៅទៀត។

ទីក្រុងនេះនៅឆ្ងាយពីការកសាងឡើងវិញណាស់ ដោយឥឡូវមនុស្សម្នាទើបតែត្រូវអនុញ្ញាតឱ្យត្រឡប់ទៅតំបន់ដែលខ្ទេចខ្ទីរបស់ពួកគេវិញប៉ុណ្ណោះ។ អ្នកជំនាញជាច្រើននិយាយថា មិនគួរប្រញាប់សាងសង់ឡើងវិញទេ ហើយផ្ទុយទៅវិញ អ្នករស់នៅតំបន់ប៉ាស៊ីហ្វិក Palisades និង Altadena គួរតែមានពេលវេលាដើម្បីសម្រេចថា តើសហគមន៍នាពេលអនាគតរបស់ពួកគេគួរមានលក្ខណៈបែបណា៕