អាជ្ញាធរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស៥នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់បន្ទាប់ពីអាកាសធាតុមិនអំណោយផល នៅកោះ Borneo នៃរដ្ឋ Sarawak ភាគខាងជើង របស់ប្រទេសម៉ាឡេស៊ី។

យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរដ្ឋ Sarawak បានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅម៉ោង៣ទៀបភ្លឺ ម៉ោងក្នុងស្រុក បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបំណាក់ដីនៅស្រុក Miri ដោយបានទាញយកសាកសពជនរងគ្រោះចេញពីគំនរបាក់បែកនៃលំនៅឋាន ដែលបានរងការបំផ្លាញ។

យោងតាមក្រសួងសុខុមាលភាពសង្គមរបស់ប្រទេស បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានធ្វើឱ្យមនុស្សចំនួន២.៣៥៧នាក់ ភៀសខ្លួនចេញនៅក្នុងរដ្ឋ Sarawak និង៤.៣៩៦នាក់ទៀតបានភៀសខ្លួននៅរដ្ឋ Sabah ភាគខាងជើង ។
ដោយឡែក ឧបនាយករដ្ឋមន្ត្រី លោក Ahmad Zahid Hamidi ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានជំរុញឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្ន បន្ទាប់ពីមានការព្រមានអំពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលចេញដោយក្រសួងឧតុនិយមប្រទេសម៉ាឡេស៊ី សម្រាប់តំបន់មួយចំនួនក្នុងរដ្ឋ Sarawak និងរដ្ឋ Sabah រហូតដល់ថ្ងៃសុក្រនេះ។