តាមរយៈលោក អោក ហៃ មន្រ្តីកិច្ចសន្យា(ឆ្មាំ) ប្រចាំការនៅស្រុកកំពង់លែង បាននាំយកបំណែកព្រះពុទ្ធប្រក់នាគ ធ្វើពីថ្មភក់ មានកម្ពស់៣១.២ស.ម ទទឹង៣៦.៩ស.ម និងកម្រាស់១៧.១ស.ម សម័យអង្គរ មានប្រភពដើមមកពីវត្តមានគុណ ហៅវត្តត្របែក ស្ថិតក្នុងភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

វត្ថុបុរាណខាងលើនេះ ត្រូវបានព្រះចៅអធិការវត្តមានគុណ ព្រះនាម ជាន លុន ហៅវត្តត្របែក បានប្រគល់មកឱ្យឆ្មាំ យកមកដាក់ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីថែរក្សា និងតាំងបង្ហាញជូនសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ពីតម្លៃនៃប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវបានបន្សល់ទុកដោយដូនតាយើង។

លោក សន ចាន់ធឿន ប្រធានការិយាល័យសារមន្ទីរ បានលើកឡើងថា ក្រោយពីបានធ្វើពិធីទទួល-ប្រគល់វត្ថុបុរាណ ក្រោមវត្តមានលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដែលជាបំណែកបដិមាព្រះពុទ្ធប្រក់នាគមក មន្រី្តជំនាញរបស់សារមន្ទីរខេត្តកំពង់ឆ្នាំង នឹងធ្វើការថែរក្សា អភិរក្សក្រៅពីជួសជុលរួចរាល់ និងរៀបចំចុះបញ្ជីសារពើភណ្ឌ បញ្ចូលក្នុងប្រព័ន្ធទិន្នន័យ Data base របស់សារមន្ទីរជាតិ និងដាក់តាំងបង្ហាញជូនសាធារណជនចូលទស្សនាសិក្សាស្វែងយល់។ ក្រៅពីនេះ សារមន្ទីរខេត្តកំពង់ឆ្នាំង ក៏សិក្សាបន្ថែមលើទីតាំងប្រភពដើមសមុច្ច័យមួយនេះបន្តទៀតផងដែរ៕ អត្ថបទ រដ្ឋា





