ភ្នំពេញ ៖ មន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងពន្លឿនការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តស្តង់ដាSOPនោះ លើគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីធានាផ្តល់សេវាប្រកបដោយសុវត្ថិភាព និងត្រៀមបើកទេសចរណ៍វ៉ាក់សាំងនាពេលខាងមុខ។
ក្នុងឱកាសចុះត្រួតពិនិត្យវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី២ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOP នៅភោជនីយដ្ឋានឌឹដ្រាម លោកស្រី ហង្ស ស័ករ៉ូហ្សា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែវិច្ឆិកានេះថា កន្លងមកថ្មីៗនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសផ្សព្វផ្សាយប្រកាសអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOPនេះរួចហើយ ទៅដល់បណ្តាថ្នាក់ដឹកនាំនៅតាមបណ្តាខ័ណ្ឌទាំង១៤ និងបណ្តាម្ចាស់ និងតំណាងម្ចាស់អាជីវកម្មទេសចរណ៍ប្រមាណពី ២០០ទៅ៣០០អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញរួចហើយ។
លោក បន្តថា ដើម្បីជម្រុញការអនុវត្តស្តង់ដារSOPនោះអោយបានល្អប្រសើរថែមទៀត នៅក្នុងអំឡុងពេលនេះ មន្ទីរទេសចរណ៍ ដែលជាសេនាធិការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកក្រុមជាច្រើន ដើម្បីចុះត្រួតពិនិត្យ តាមដានបន្ថែម រួចហើយធ្វើការវាយតម្លៃ ផ្តល់ឡាបែលបញ្ជាក់ពីការអនុវត្តបានល្អតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើអោយមូលដ្ឋានអាជីវកម្មស្អាត អនាម័យ មិនបង្កបញ្ហាប្រឈមការឆ្លងមេរោគកូវីដ-១៩។
លោកបន្តថា ជារួមនៅក្នុងដំណើរការចុះត្រួតពិនិត្យតាមដានការបើកអាជីវកម្មទេសចរណ៍នេះ ប្រសិនបើអាជីវកម្មមូលដ្ឋានណា អនុវត្តមិនបានពេញលេញ ឬមិនបានធ្វើតាមសូចនាករណាមួយ នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី២ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOP គឺរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតអោយបើកដំណើរការអាជីវកម្មនោះទេ។
បើតាមលោកស្រី កូវ មួយគាង តំណាងម្ចាស់ភោជនីយដ្ឋានឌឹដ្រាម បានថ្លែងថា ដើម្បីបានអាជីវកម្មបើកដំណើរឡើងវិញនេះ នៅក្នុងបរិបទកូវីដ១៩ គឺហាងបានខិតខំរៀបចំបើក ដោយអនុវត្តតាមនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOP នៅលើគ្រប់ចំណុចទាំងអស់ ហើយការបើកហាងតាមរបៀបនេះ គឺជាចំណែកមួយក្នុងការបង្កើតភាពទាក់ទាញភ្ញៀវចូលទទួលប្រកបដោយសុវត្ថិភាព ផង និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់ផ្តាច់ខ្សែចំលងមេរោគកូវីដ១៩ នៅក្នុងសហគមន៍ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា SOP នេះ មកដល់ពេលនេះ គឺបានអនុវត្តឲ្យអាជីវកម្មទេសចរណ៍ធំៗចំនួន៥ ប្រភេទបើកដំណើរការ ហើយអាជីវកម្មទេសចរណ៍ទាំងនោះរួមមាន៖ ១.អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ២.អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ ៣.អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និង៤. សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៥ ចុងក្រោយអាជីវកម្មបៀរហ្កាឌិន៕
អត្ថបទ ស៊ុម សុខជា