គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា បានរិះគន់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច ពាក់ព័ន្ធនឹងការចាត់ចែងពិធីបុណ្យដ៏ធំរបស់សាសនាហិណ្ឌូ បន្ទាប់ពីមនុស្សជាង ៣០នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា ក្នុងព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី២៩ ខែមករា។
ពិធីបុណ្យ Maha Kumbh Mela (មហា កុម្ភ មេឡា) រយៈពេល ៦សប្តាហ៍ កំពុងត្រូវបានប្រារព្ធឡើងនៅក្នុងរដ្ឋ Uttar Pradesh ដែលគ្រប់គ្រងដោយគណបក្ស BJP ហើយគណបក្សប្រឆាំង បានចោទប្រកាន់រដ្ឋាភិបាលរដ្ឋថា បានគ្រប់គ្រងមិនបានត្រឹមត្រូវនូវអ្វីដែលត្រូវបានចាត់ទុកថា ជាការប្រមូលផ្តុំមនុស្សជាតិក្នុងចំនួនដ៏ច្រើនបំផុតរបស់ពិភពលោក។ ភ្ញៀវប្រមាណ ៤០០លាននាក់ ត្រូវបានគេរំពឹងទុកថា មានវត្តមាននៅក្នុងទីក្រុង Prayagraj សម្រាប់ពិធីបុណ្យនេះ ដែលបានចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា។

តាមរយៈការប្រកាសជាភាសាហិណ្ឌូ នៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៩ ខែមករា ប្រធានគណបក្ស Congress លោក Mallikarjun Kharge បានលើកឡើងថា៖ «ការរៀបចំគ្មានគម្រោងច្បាស់លាស់ ការយកចិត្តទុកដាក់ពេកលើការធ្វើដំណើរវីអាយភី (VIP) ការផ្សព្វផ្សាយខ្លួនឯង និងការគ្រប់គ្រងមិនបានត្រឹមត្រូវ គឺជាដើមហេតុឲ្យកើតបញ្ហានេះ។ បើទោះជាបានចំណាយប្រាក់រាប់ពាន់លានរូពី ក៏ការរៀបចំបែបនេះ នៅតែអាចកើតឡើងបាន»។
លោក Akhilesh Yadav ដែលជាអតីតរដ្ឋមន្ត្រីប្រចាំរដ្ឋ Uttar Pradesh និងជាប្រធានគណបក្សប្រឆាំង Samajwadi បានទាមទារឲ្យប្រគល់ការគ្រប់គ្រងលើកម្មវិធីបុណ្យមហា កុម្ភ មេលា ឲ្យទៅកងទ័ពឥណ្ឌាដើម្បី «ស្តារជំនឿចិត្តឡើងវិញ ក្នុងចំណោមអ្នកគោរពបូជាដ៏ស្មោះស្ម័គ្រ»។
រដ្ឋមន្រី្តប្រចាំរដ្ឋ Uttar Pradesh លោក Yogi Adityanath បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Lucknow ថា សោកនាដកម្មនេះ គឺពិតជា «គួរឲ្យតក់ស្លុតណាស់» ហើយបានប្រកាសផ្ដល់សំណងចំនួន ២,៥លានរូពី (ប្រមាណជាជិត ៣០.០០០ដុល្លារ) សម្រាប់គ្រួសារអ្នកស្លាប់ម្នាក់ៗ។ លោកក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតតាមផ្លូវតុលាការ ជុំវិញហេតុការណ៍ប្រជ្រៀតជាន់គ្នាស្លាប់ នាព្រឹកព្រលឹមនោះផងដែរ៕

