អំឡុងបទសម្ភាសន៍ផ្លូវការរបស់លោក បន្ទាប់ពីមានការបុកគ្នាកណ្ដាលអាកាស រវាងឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក និងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសគោលនយោបាយជួលបុគ្គលិកចម្រុះដែលគាំទ្រដោយអ្នកកាន់តំណែងមុន គឺលោក Barack Obama និងលោក Joe Biden ថា ធ្វើឲ្យស្តង់ដារសុវត្ថិភាពផ្លូវអាកាសមានកម្រិតទាប។
លោក Trump បាននិយាយថា៖ «ខ្ញុំយកសុវត្ថិភាពជាចម្បង។ លោក Obama លោក Biden និងគណបក្សប្រជាធិបតេយ្យយកគោលនយោបាយជាមុន។ ពួកគេពិតជាបានចេញសេចក្ដីបង្គាប់ឲ្យប្រើមនុស្សមិនមានជំនាញគ្រប់គ្រាន់ ពោលគឺមានតែក្រុមមនុស្សស្បែកសច្រើនពេក តែពួកយើងចង់បានមនុស្សដែលមានសមត្ថភាពច្បាស់លាស់»។

លោក Trump បានចាប់ផ្តើមសន្និសីទសារព័ត៌មានពីសេតវិមានជាមួយនឹងការស្មិងស្មាធិ៍មួយភ្លែត ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងក្រុមគ្រួសាររបស់អ្នកដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្តហោះ នៅទីក្រុងវ៉ាស៊ីនតោន។ ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បានលើកឡើងផងដែរថា លោកកំពុងតែងតាំងអ្នកគ្រប់គ្រងរដ្ឋបាលអាកាសចរណ៍សហព័ន្ធស្តីទី លោក Chris Rocheleau ។
ចំណាត់ការនេះ កើតមានឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាមេរិក ហើយបានធ្លាក់ចូលទៅក្នុងទន្លេ Potomac ក្បែរអាកាសយានដ្ឋានជាតិ Reagan Washington។
កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា មនុស្សទាំង ៦៤នាក់ នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបានបុកជាមួយឧទ្ធម្ភាគចក្រនោះ មិនត្រូវបានរំពឹងថា នៅមានអ្នករួចជីវិតពីអ្វីដែលទំនងជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជិត ២៥ឆ្នាំនេះ៕


