ក្នុងបទសម្ភាសន៍នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បេសកជនប្រចាំតំបន់នេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានប្រាប់សារព័ត៌មាន Axios ថា «ស្ទើរតែគ្មានអ្វីនៅសេសសល់ឡើយ» សម្រាប់តំបន់ហ្កាហ្សា ហើយការកសាងឡើងវិញនូវតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ អាចចំណាយពេលពី ១០ ទៅ ១៥ឆ្នាំ។

បន្ទាប់ពីបានទៅមើលតំបន់ហ្កាហ្សា លោក Witkoff បានប្រាប់គេហទំព័រព័ត៌មានមួយនេះថា៖ «មនុស្សម្នាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ដើម្បីត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ហើយឃើញអ្វីដែលបានកើតឡើង។ ពួកគេប្ដូរទិសដៅ ហើយចាកចេញ ព្រោះទីនោះគ្មានទឹក និងភ្លើងទេ។ វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលទីនោះរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបែបនេះ»។
គួរបញ្ជាក់ថា លោក Witkoff អ្នកវិនិយោគផ្នែកអចលនទ្រព្យ និងជាអ្នកផ្តល់ជំនួយដល់យុទ្ធនាការរបស់លោក Trump ដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកាតា និងរដ្ឋឈូងសមុទ្រផ្សេងទៀត គឺស្ថិតនៅក្នុងតំបន់នេះ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន៕


