ដោយដកស្រង់សម្ដីបុគ្គលដែលដឹងពីការពិភាក្សា ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយប្រទេសអែលសាល់វ៉ាឌ័រ ក្នុងការនិរទេសសមាជិកនៃក្រុមអន្ធពាលវេណេហ្ស៊ុយអេឡា Tren de Aragua ទៅកាន់ប្រទេសអាមេរិកកណ្តាលមួយនេះ។
ក្រុមអន្ធពាល Tren de Aragua ត្រូវបានស្តីបន្ទោសថា បានធ្វើឲ្យឧក្រិដ្ឋកម្មនៅអាមេរិកកើនឡើង។ កាលពីខែកក្កដាឆ្នាំមុន ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចាត់ទុកក្រុមនេះថា ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន សម្រាប់សកម្មភាពនានា រួមមានការរត់ពន្ធមនុស្ស អំពើហិង្សាផ្អែកលើយេនឌ័រ ការសម្អាតលុយកខ្វក់ និងការជួញដូរគ្រឿងញៀន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប៉ាណាម៉ា និងប្រទេសចំនួន ៤ផ្សេងទៀត នៅអាមេរិកកណ្តាល នាប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក។
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការនិរទេសនឹងជាផ្នែកមួយនៃការពិភាក្សា រវាងមន្ត្រីសហរដ្ឋអាមេរិក និងអែលសាល់វាឌ័រ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Rubio។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា កិច្ចព្រមព្រៀងចុងក្រោយណាមួយ នឹងត្រូវបានប្រកាសដោយលោក Trump។ សេតវិមានមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ពាក់ព័ន្ធនឹងករណីនេះ៕

