ដោយលើកឡើងពីសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលពង្រីកសិទ្ធិគ្រប់គ្រងអាវុធ តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បានសម្រេចថា បម្រាមរាប់ទសវត្សរ៍របស់រដ្ឋាភិបាលអាមេរិក ដែលហាមអ្នកលក់អាវុធមានអាជ្ញាបណ្ណសហព័ន្ធមិនឲ្យលក់ទៅមនុស្សពេញវ័យអាយុក្រោម ២១ឆ្នាំ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
សេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ទី៥ ដែលមានមូលដ្ឋាននៅទីក្រុង New Orleans របស់សហរដ្ឋអាមេរិក បានកត់សម្គាល់ជាលើកដំបូងដែលតុលាការឧទ្ធរណ៍សហព័ន្ធ បានចាត់ទុកថា បម្រាមនេះ បានរំលោភលើសិទ្ធិរក្សាទុក និងកាន់កាប់អាវុធដែលមានចែងនៅក្នុងវិសោធនកម្មលើកទី២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

កន្លងមក សាលាឧទ្ធរណ៍បានតម្កល់ការហាមប្រាមដដែលនេះ ក្នុងឆ្នាំ២០១២។ ប៉ុន្តែការសម្រេចនោះ គឺនៅមុនពេលតុលាការកំពូលរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនជាសមាជិកអភិរក្សនិយម ៦ ទល់ ៣ បានចេញសេចក្តីសម្រេចដ៏សំខាន់មួយ ក្នុងឆ្នាំ២០២២ ដែលបានបង្កើតការធ្វើតេស្តថ្មី ដើម្បីវាយតម្លៃច្បាប់កាន់កាប់អាវុធទំនើប។
ការហាមប្រាមរបស់សហព័ន្ធមិនឲ្យលក់អវុធដល់មនុស្សអាយុក្រោម ២១ឆ្នាំ ត្រូវបានអនុម័តជាលើកដំបូងដោយសភា ក្នុងឆ្នាំ១៩៦៨ ដែលជាផ្នែកមួយនៃច្បាប់ Omnibus Crime Control និង Safe Streets Act។
ក្រុមបុគ្គលដែលមានអាយុចន្លោះពី ១៨ ទៅ ២០ឆ្នាំ រួមជាមួយក្រុមការពារសិទ្ធិគ្រប់គ្រងអាវុធ គឺសម្ព័ន្ធគោលនយោបាយអាវុធ (Firearms Policy Coalition) និងមូលនិធិវិសោធនកម្មលើកទី២ (Second Amendment Foundation) បានជំទាស់នឹងការដាក់បម្រាមនេះ ក្នុងឆ្នាំ២០២០ ហើយកំពុងប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចរបស់ចៅក្រមតុលាការជាន់ទាប ដែលតម្កល់បទប្បញ្ញត្តិនេះ៕

