នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ការចាប់អារម្មណ៍របស់ប្រធានាធិបតី លោក Donald Trump ក្នុងការទិញដែនដី Greenland មិនមែនជារឿងលេងសើចនោះទេ ដោយលោកបានបន្ថែមថា ការយកបានកោះនេះមកគ្រប់គ្រង គឺជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ហើយចាំបាច់ត្រូវតែដោះស្រាយ។
លោក Trump បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការធ្វើឲ្យ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោកបានជាប់ឆ្នោតឡើងវិញ ក្នុងខែវិច្ឆិកា។ លោកមិនបានច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់ឥទ្ធិពលយោធា ឬសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលឲ្យដាណឺម៉ាកព្រមប្រគល់កោះអាក់ទិកមួយនេះ។
អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយកម្មវិធី The Megyn Kelly Show របស់ប្រព័ន្ធផ្សព្វផ្សាយ SiriusXM លោក Rubio បានប្រាប់ថា លោក Trump ចង់ទិញដែនដី Greenland ហើយមិនបានច្រានចោលការបង្ខិតបង្ខំដោយកម្លាំងយោធា ដើម្បីបានសិទ្ធិគ្រប់គ្រង ព្រោះកុំឲ្យចាញ់ប្រៀបក្នុងការចរចា។
លោក Rubio បានសង្កត់ធ្ងន់ថា៖ «នេះមិនមែនជារឿងលេងសើចនោះទេ។ នេះមិនមែនពាក់ព័ន្ធនឹងគោលបំណងដណ្ដើមដែនដីមកកាន់កាប់នោះទេ។ នេះជាប្រយោជន៍ជាតិរបស់យើង ហើយបញ្ហាត្រូវតែដោះស្រាយ»។
នាយករដ្ឋមន្ត្រីដែនដី Greenland លោក Mute Egede ដែលបានជំរុញឲ្យមានឯករាជ្យ បាននិយាយម្តងហើយម្តងទៀតថា កោះនេះមិនមែនសម្រាប់លក់នោះទេ ហើយថា មានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចពីអនាគតរបស់ពួកគេ៕


