ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅថ្ងៃសុក្រ (ទី៣១ ខែមករា) នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតនូវ «ការព្រួយបារម្ភយ៉ាងខ្លាំងក្លា» របស់ពួកគេ បន្ទាប់អ៊ីស្រាអែល អនុវត្តច្បាប់ហាមប្រាមមិនឲ្យមានទំនាក់ទំនង រវាងមន្ត្រីរបស់ខ្លួន និងទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA។
ក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស ប្រទេសទាំង ៣ បានឲ្យដឹងថា៖ «យើងជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលធ្វើការជាមួយដៃគូអន្តរជាតិ ក្នុងនោះរួមទាំងអង្គការសហប្រជាជាតិផងដែរ ដើម្បីធានាឲ្យមានការបន្តប្រតិបត្តិការ»។
គួរបញ្ជាក់ថា ច្បាប់ដែលត្រូវបានអនុម័តក្នុងខែតុលាឆ្នាំមុន និងចូលជាធរមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បានដាក់បម្រាមដល់ UNRWA មិនឲ្យធ្វើប្រតិបត្តិការ នៅលើដែនដីអ៊ីស្រាអែល និងហាមឃាត់ទីភ្នាក់ងារនេះមិនឲ្យទាក់ទងជាមួយអាជ្ញាធរអ៊ីស្រាអែល។
មន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិកមួយចំនួនរបស់ UNRWA ថា បានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលធ្វើឡើងដោយក្រុមហាម៉ាស និងជាសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា UNRWA កំពុងបន្តផ្តល់ជំនួយ និងសេវាកម្ម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប វេសប៊ែង និងហ្សេរុយសាឡឹមខាងកើត៕