នគរបាលហ្វីលីពីន នៅថ្ងៃសុក្រ (ទី៣១ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា មន្ត្រីនគរបាលហ្វីលីពីនម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បុកគ្នាកណ្តាលអាកាស នៅទីក្រុងវ៉ាស៊ីនតោន រវាងយន្តហោះពាណិជ្ជកម្ម និងឧទ្ធម្ភាគចក្រយោធារបស់អាមេរិក។
គួរបញ្ជាក់ថា គ្រោះមហន្តរាយ នាយប់ថ្ងៃទី២៩ ខែមករា បានបណ្តាលឲ្យទាំងយន្តហោះ និងឧទ្ធម្ភាគចក្រធ្លាក់ចូលទៅក្នុងទន្លេត្រជាក់ដូចទឹកកក Potomac ដោយបានសម្លាប់អ្នកដំណើរ និងបុគ្គលិកអាកាសយានិកចំនួន ៦៧នាក់។

សេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឲ្យដឹងថា៖ «នគរបាលជាតិហ្វីលីពីន សូមកាន់ទុក្ខ ចំពោះការបាត់បង់ដ៏គួរសោកស្ដាយបំផុតនៃសមាជិកនគរបាលរបស់យើង គឺលោកវរសេនីយ៍ឯក Pergentino N. Malabed ប្រធានផ្នែកគ្រប់គ្រងការផ្គត់ផ្គង់ ដែលស្ថិតក្នុងចំណោមអ្នកនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលបានបុកគ្នានៅកណ្តាលអាកាសជាមួយឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិក នៅជិតអាកាសយានដ្ឋានជាតិ Reagan»។
អ្នកនាំពាក្យនគរបាល លោក Randulf Tuano បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងម៉ានីល ត្រូវបានជូនដំណឹងថា សពជនរងគ្រោះដែលកាន់លិខិតឆ្លងដែនរបស់លោកវីរសេនីយ៍ឯក Malabed ត្រូវបានស្រង់ពីទន្លេ Potomac។
បើតាមការឲ្យដឹងបន្ថែម លោក Malabed និងមន្ត្រី ២រូបផ្សេងទៀត បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីសាកល្បងអាវការពារបុគ្គលិកដែលនគរបាលហ្វីលីពីនគ្រោងនឹងទិញ។ បន្ទាប់មក លោកបានបន្តដំណើរទៅមុខតែម្នាក់ឯង ដោយមានបំណង «ចូលជួបសម្តែងការគួរសម» ចំពោះមន្ត្រីនគរបាលនៃស្ថានទូតហ្វីលីពីន នៅទីក្រុងវ៉ាស៊ីនតោន៕

