វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៣១ ខែមករា) នេះ បានបង្ហាញពីការមិនចាប់អារម្មណ៍ពីគំរាមកំហែងដដែលៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ដំឡើងពន្ធលើក្រុមប្រទេស BRICS ប្រសិនបើប្លុកនេះបង្កើតរូបិយប័ណ្ណផ្ទាល់ខ្លួន ដោយនិយាយថា ផែនការបែបនេះ មិនមានទាំងពីមុន និងបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា លោក Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមករា) បានព្រមានប្រទេសសមាជិក BRICS ថា កុំចង់ជំនួសប្រាក់ដុល្លារអាមេរិកដោយរូបិយប័ណ្ណបម្រុង ដោយធ្វើការគំរាមជាថ្មីម្ដងទៀតពីការយកពន្ធ ១០០ភាគរយ ដែលលោកបាននិយាយជាច្រើនសប្តាហ៍បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។

យ៉ាងណាក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ថា BRICS ដែលរុស្ស៊ីជាសមាជិកនោះ មិនបាននិយាយអំពីការបង្កើតរូបិយប័ណ្ណផ្ទាល់របស់ក្រុមនេះនោះទេ ប៉ុន្តែគ្រាន់តែលើកឡើង អំពីការបង្កើតវេទិកាវិនិយោគរួមប៉ុណ្ណោះ។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះមិនមែនជាលើកទី១ ទេ ដែលលោក Trump បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ។ វាមិនមែនជារឿងថ្មីឡើយ។ មានសេចក្តីថ្លែងការណ៍បែបនេះពីមុនមក នៅពេលដែលលោកទើបតែជាប់ឆ្នោតជាប្រធានាធិបតី»។
លោក Peskov បានបន្ថែមថា៖ «ចំណុចសំខាន់ គឺថា BRICS មិននិយាយ អំពីការបង្កើតរូបិយប័ណ្ណរួមឡើយ ហើយក៏មិនធ្លាប់បានធ្វើដូច្នោះដែរ។ BRICS កំពុងនិយាយអំពីការបង្កើតវេទិកាវិនិយោគរួមថ្មី ដែលនឹងអនុញ្ញាតឲ្យមានការវិនិយោគរួមគ្នា នៅក្នុងប្រទេសទី៣ ការវិនិយោគទៅវិញទៅមក និងផ្សេងៗទៀត»៕

