
ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas នៅថ្ងៃសុក្រ (ទី៣១ ខែមករា) នេះ បាននិយាយថា ប្លុកបានចាប់ផ្តើមបេសកកម្មស៊ីវិលរបស់ខ្លួនឡើងវិញ ដើម្បីត្រួតពិនិត្យការឆ្លងកាត់ព្រំដែន រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប នៅទីក្រុង Rafah ដែលជាច្រកចេញ-ចូលដ៏សំខាន់ សម្រាប់ដែនដីប៉ាឡេស្ទីន។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកស្រី Kallas បានប្រកាសថា មានកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសសមាជិក ដែលថា បេសកកម្មជំនួយតាមព្រំដែនរបស់សហភាពអឺរ៉ុប (EUBAM) អាចរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា។
លោកស្រីបានសរសេរបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «នាពេលនេះ បេសកកម្មព្រំដែនស៊ីវិលរបស់ EU ដាក់ពង្រាយទៅកាន់កន្លែងឆ្លងកាត់ព្រំដែន Rafah (Rafah Crossing) តាមសំណើរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ការធ្វើបែបនេះនឹងជួយគាំទ្របុគ្គលិកព្រំដែនប៉ាឡេស្ទីន និងអនុញ្ញាតឲ្យមានការបញ្ជូនមនុស្សម្នាចេញពីតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងអ្នកដែលត្រូវការការថែទាំផ្នែកសុខភាពផងដែរ»។
មន្ត្រីប៉ាឡេស្ទីន និងក្រុមហាម៉ាស បានឲ្យដឹងថា ឥឡូវនេះ ការឆ្លងកាត់នឹងគ្រប់គ្រងដោយសមាជិកនៃអាជ្ញាធរប៉ាឡេស្ទីន និងក្រុមអ្នកឃ្លាំមើលអឺរ៉ុប។
បេសកកម្មស៊ីវិលរបស់ EU ដើម្បីជួយត្រួតពិនិត្យការឆ្លងកាត់ បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៥ ប៉ុន្តែត្រូវបានផ្អាក កាលពីខែមិថុនា ឆ្នាំ២០០៧ ដោយសារការដណ្តើមកាន់កាប់តំបន់ហ្កាហ្សារបស់ក្រុមហាម៉ាស៕
