ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro នៅថ្ងៃសុក្រ (ទី៣១ ខែមករា) បានជំរុញឲ្យប្រជាជនកូឡុំប៊ីដែលរស់នៅដោយមិនមានឯកសារត្រឹមត្រូវ នៅសហរដ្ឋអាមេរិក លាឈប់ពីការងាររបស់ពួកគេ «ភ្លាមៗ» ហើយវិលត្រលប់ចូលប្រទេសកូឡុំប៊ីវិញ។
តាមរយៈការប្រកាស នៅលើបណ្ដាញ X លោកបានបន្ថែមទៀតថា ក្រសួងវិបុលភាពសង្គម នឹងផ្តល់ឥណទានដល់អ្នកត្រលប់មកវិញដែលបានចុះឈ្មោះនៅក្នុងកម្មវិធីរបស់ស្ថាប័ន។
យន្តហោះរបស់កងទ័ពអាកាសកូឡុំប៊ីដែលដឹកជននិរទេសពីសហរដ្ឋអាមេរិក បានហោះហើរទៅដល់ទីក្រុង Bogota ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា លោក Petro កាលពីចុងសប្តាហ៍ បានបញ្ចៀសមិនឲ្យមានមហន្តរាយសេដ្ឋកិច្ច បន្ទាប់ពីអ្នកការទូតមកពីរដ្ឋាភិបាលរបស់លោក និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀង ជុំវិញជើងហោះហើរនិរទេស ជាជម្លោះដែលបាននាំឲ្យប្រទេសទាំង២ គំរាមដំឡើងពន្ធ ហើយសហរដ្ឋអាមេរិកចេញវិធានការទិដ្ឋាការ៕

