
កណ្ដាល៖ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្នាល់ទឹកប្រាក់ម្តងៗរាប់ពាន់រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តារជារៀងរាល់ថ្ងៃ ខណៈការលេងនេះ មានការជួបជុំទ្រង់ទ្រាយធំស្រែកហោរកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរ និងខ្លាចការឆ្លងរីករាលដាលនូវមេរោគកូវីដ-១៩នោះឡើយ។ ប្រជាពលរដ្ឋអះអាងថា បានទៅប្តឹងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារ តែពុំទាន់មានវិធានការនៅឡើយរហូតដល់សព្វថ្ងៃនេះ។
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់នោះ បានឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាច ដោយមានរថយន្តទំនើបៗឆ្លងកាត់ជាច្រើនខុសប្រក្រតី ដោយពួកគាត់ព្រួយបារម្ភចំពោះកូនៗរបស់ពួកគាត់ដើរឆ្លងថ្នល់ ខណៈរថយន្តទាំងនោះបានបើកឆ្ពោះទៅកន្លែងតែមួយ ពោល គឺកន្លែង(ហ្គ្រេនដ្រាយហ្គនរីសត) ដែលគេដឹងថា លួចលែងល្បែងភ្នាល់មាន់ អាប៉ោង និងបៀរខុសច្បាប់ទ្រង់ទ្រាយធំ។
មានការអះអាងថា មានអ្នកជាខ្នងបង្អែកនៅពីក្រោយ ទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះហ៊ានបើកដោយសេរី ដោយមិនខ្លាចទាំងឆ្លងមេរោគកូវីដ-១៩ជាដើមនោះ។
ទាក់ទងការផ្តល់ព័ត៌មានពីពលរដ្ឋតំបន់នេះ មិនអាចសុំការបំភ្លឺពីលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានទេ ដោយទូរស័ព្ទហៅមិនចូល។
តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋ បានស្នើទៅអាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យករណីនេះ ព្រោះបើនៅតែបន្តសកម្មភាពប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនទៀតនោះ ពួកគាត់ខ្លាចតែមានការឆ្លងរីករាលដាលមេរោគកូវីដ-១៩នៅតំបន់នេះ ហើយអាជ្ញាធរ ឬក្រសួងសុខាភិបាលធ្វើការបិទវានឹងរំខានដល់ការរកស៊ី និងការរស់នៅរបស់ពួកគាត់ទៀត ជាពិសេសខ្លាចមានការបិទសាលាបន្តទៀតដែលធ្វើឲ្យកូនៗរបស់គាត់មិនបានចូលរៀនទៀតនោះ៕





