
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ នេះ នឹងអនុវត្តពន្ធបន្ថែម២៥ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០ភាគរយលើទំនិញរបស់ប្រទេសចិន ដោយចូលជាធរមានភ្លាមៗ។
លោកស្រី Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់សេតវិមានថា
លោកប្រធានាធិបតី នឹងអនុវត្តនៅថ្ងៃសៅរ៍នេះ នូវពន្ធបន្ថែម២៥%លើប្រទេសម៉ិកស៊ិក ២៥%ពន្ធលើប្រទេសកាណាដា និងពន្ធបន្ថែម១០%លើប្រទេសចិន សម្រាប់សារធាតុហ្វង់តានីលខុសច្បាប់ដែលពួកគេដឹកជញ្ជូន និងអនុញ្ញាតឱ្យចែកចាយចូលក្នុងប្រទេសរបស់យើង ដែលបានសម្លាប់ប្រជាជនអាមរិក រាប់លាននាក់។
នៅពេលមុននេះ សារព័ត៌មានReuters បានដកស្រង់ប្រភពព័ត៌មានដែលដឹងអំពីកិច្ចពិភាក្សាបន្ថែមពន្ធ ថា លោក Trump នឹងប្រកាសការបន្ថែមពន្ធលើការនាំចូលរបស់ប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃសៅរ៍នេះ ប៉ុន្តែពន្យារពេលការប្រមូលពន្ធរហូតដល់ថ្ងៃទី១ ខែមីនា ហើយផ្តល់នូវដំណើរការកំណត់សម្រាប់ការនាំចូលមួយចំនួន ដែលត្រូវបានលើកលែង។
លោកស្រី Leavitt បានចាត់ទុករបាយការណ៍នេះថា «មិនពិត» ប៉ុន្តែនៅពេលត្រូវបានសួរអំពីការលើកលែង លោកស្រីនិយាយថា លោកស្រីពុំទាន់មាន «ការធ្វើបច្ចុប្បន្នភាព សម្រាប់អ្នក អំពីការលើកលែងនៅឡើយទេ»។ លោកស្រី បាននិយាយបន្ថែមថា ពន្ធនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះ ហើយនឹងចូលជាធរមានភ្លាមៗ។
