អាជ្ញាធរសហរដ្ឋអាមេរិក បានរឹតបន្តឹងការហោះហើរឧទ្ធម្ភាគចក្រនៅជិតអាកាសយានដ្ឋានជាតិ Reagan ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ទី៣១ ខែមករា បន្ទាប់ពីយន្តហោះបុកគ្នានៅកណ្តាលអាកាស រវាងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines និងឧទ្ធម្ភាគចក្រយោធា បណ្តាលឲ្យមនុស្ស ៦៧ នាក់ស្លាប់ ។
សមាជិកក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ លោក Todd Inman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមអ្នកស៊ើបអង្កេត អាចរកឃើញប្រអប់ខ្មៅរបស់ឧទ្ធម្ភាគចក្រ ដែលថតយកទិន្នន័យជើងហោះហើរ និងសំឡេងនៅក្នុងកាប៊ីនយន្តហោះ។
ព័ត៌មានពីប្រអប់នោះ រួមមានឧបករណ៍ថតសំឡេងនៅកាប៊ីនយន្ដហោះ និងឧបករណ៍ថតទិន្នន័យជើងហោះហើរពីយន្តហោះ CRJ700 ដែលអាចជួយឲ្យអាជ្ញាធរធ្វើការស្វែងរកនូវអ្វីដែលបានកើតឡើងមុនពេលយន្តហោះទាំងពីរបានបុកគ្នា កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ហើយបានធ្លាក់ចូលទៅក្នុងទន្លេ Potomac ដ៏ត្រជាក់នៅទីក្រុងវ៉ាស៊ីនតោន ក្នុងគ្រោះមហន្តរាយអកាសចរណ៍ដ៏អាក្រក់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ។
រដ្ឋមន្ត្រីដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លោក Sean Duffy បាននិយាយនៅមុននេះថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានដាក់ការរឹតត្បិតយ៉ាងខ្លាំងលើការហោះហើរឧទ្ធម្ភាគចក្រ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចគ្នាផ្សេងទៀត។