ទីភ្នាក់ងារជំនួយប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការងារមនុស្សធម៌របស់ខ្លួននៅទូទាំងដែនដីកាន់កាប់និងតំបន់ហ្កាហ្សា នៅតែបន្តកាលពីថ្ងៃសុក្រ ទី៣១ ខែមករា ទោះបីជាមានការហាមឃាត់របស់អ៊ីស្រាអែលដែលបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ និងជាអ្វីដែលខ្លួនចាត់ទុកថាជាអរិភាពចំពោះបុគ្គលិករបស់ខ្លួនក៏ដោយ។
ច្បាប់របស់អ៊ីស្រាអែល ដែលត្រូវបានអនុម័តកាលពីខែតុលា បានហាមឃាត់ប្រតិបត្តិការធ្វើឡើងដោយទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅលើទឹកដីអ៊ីស្រាអែល រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត ហើយហាមឃាត់ទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៣០ ខែមករា។
ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃសុក្របាននិយាយឡើងវិញពីការព្រួយបារម្ភរបស់ពួកគេចំពោះអ៊ីស្រាអែលអនុវត្តច្បាប់ថ្មី ដែលទីភ្នាក់ងារមនុស្សធម៌និយាយថានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លាញ ខណៈបុគ្គលិកនិងការផ្គត់ផ្គង់ ឆ្លងកាត់ទៅកាន់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ធ្វើឡើងតាមរយៈអ៊ីស្រាអែល។
លោកស្រី Juliette Touma នាយកផ្នែកទំនាក់ទំនងរបស់ទីភ្នាក់ងារ UNRWA បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងនៅបន្តផ្តល់សេវា» ។ នៅតំបន់ហ្កាហ្សា ទីភ្នាក់ងារ UNRWA នៅបន្តជាឆ្អឹងខ្នងនៃការឆ្លើយតបមនុស្សធម៌អន្តរជាតិ។ យើងបន្តមានបុគ្គលិកអន្តរជាតិនៅតំបន់ហ្កាហ្សា ហើយយើងនៅបន្តនាំយករថយន្តដឹកជំនួយផ្គត់ផ្គង់ជាមូលដ្ឋាន។
លោកស្រី បាននិយាយថា រាល់ការរំខានដល់ការងាររបស់ខ្លួននៅតំបន់ហ្កាហ្សា នឹងធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ដែលបានបញ្ឈប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជួបហានិភ័យ។
លោកស្រី និយាយថា «ប្រសិនបើ ទីភ្នាក់ងារ UNRWA មិនត្រូវបានអនុញ្ញាតឱ្យបន្តនាំយកនិងចែកចាយការផ្គត់ផ្គង់នោះទេ ជោគវាសនានៃបទឈប់បាញ់ដ៏ផុយស្រួយនេះ នឹងមានហានិភ័យ ហើយនឹងស្ថិតក្នុងគ្រោះថ្នាក់។