ទីផ្សារនានានៅក្នុងទីក្រុង Goma ប្រទេសកុងហ្គោ បានចាប់ផ្តើមបើកឡើងវិញកាលពីថ្ងៃសុក្រ ទី៣១ ខែមករា បន្ទាប់ពីក្រុមឧទ្ទាម M23 នៅកុងហ្គោបានស្តារឡើងវិញផ្លូវសម្រាប់ផ្គត់ផ្គង់ដែលត្រូវបានកាត់ផ្តាច់អស់រយៈពេលជិតមួយឆ្នាំ ដោយសារតែការប្រយុទ្ធគ្នា ជាមួយកងកម្លាំងរដ្ឋាភិបាល។
កាលពីដើមសប្តាហ៍នេះ ក្រុមឧទ្ទាម M23 ដឹកនាំដោយក្រុម Tutsi បានដណ្តើមយកទីក្រុង Goma ជាទីក្រុងធំបំផុតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាទីតាំងរ៉ែមាស និងរ៉ែសំណប៉ាហាំង ដែលអាចរកកម្រៃបានច្រើន។ ក្រោយមក ពួកគេបានផ្លាស់ប្តូរការផ្តោតសំខាន់ ទៅកាន់ក្រុងBukavu ក្នុងខេត្ត South Kivu ដែលនៅជិតខាង ហើយបានធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកគោលដៅនោះ។
អាជីវករនៅផ្សារមួយកន្លែងបានរាយការណ៍ពីការកើនឡើងការផ្គត់ផ្គង់ស្បៀងអាហារ និងតម្លៃទាបបន្ទាប់ពីការបើកផ្លូវឡើងវិញដែលភ្ជាប់ទីក្រុង Goma ទៅទីក្រុងនានានៅក្បែរនោះ។ លោក Hawa Issa អ្នកដើរទិញអីវ៉ាន់ក្នុងស្រុកបាននិយាយថា ចាប់តាំងពីផ្លូវបានបើកឡើងវិញ មនុស្សគ្រប់គ្នា ទទួលទានតាមអ្វីដែលចង់។
ការទទួលបានភាពប្រសើរឡើងនេះ បានអនុញ្ញាតឱ្យឈ្មួញនាំយកកសិផលស្រស់ៗដោយពុំចាំបាច់ពឹងផ្អែកលើការដឹកជញ្ជូនតាមតែផ្លូវទឹក។
ប៉ុន្តែ អ្នកស្រុកនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារកង្វះអ៊ីនធឺណិត និងប្រព័ន្ធទូរស័ព្ទ។ លោក Issa បាននិយាយថា «គ្មាន WhatsApp ទៀតទេ គ្មានInstagram ហើយសូម្បីតែការកម្សាន្តរបស់យើងនៅលើ TikTok ក៏គ្មានដែរ។ បច្ចុប្បន្ននេះ យើងរស់នៅដោយគ្មានទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់យើងនៅបរទេស។