សៀមរាប ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង១២ម៉ឺន៤ពាន់នាក់ បានដើរកម្សាន្ដនៅខេត្ដសៀមរាប នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម។
យោងតាមរបាយការណ៍ដាក់ជូនអភិបាលខេត្ដសៀមរាប កាលពីម្សិលមិញ បានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃ៣១ខែមករា ឆ្នាំ២០២៥ មានអ្នកទេសចរសរុបចំនួនប្រមាណ ១២៤,០៤៣ នាក់ មានការកើនឡើងប្រមាណ៨.៩២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ១១៣,៨៨៦ នាក់ ដែលក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្ដសៀមរាប មានចំនួនប្រមាណ ១០៦,១០០ នាក់ កើនឡើងប្រមាណ ៦.៥៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួនប្រមាណ ៩៩,៦០០ នាក់។ ដោយឡែក អ្នកទេសចរបរទេសមានចំនួន ១៧,៩៤៣ នាក់ កើនឡើង ២៥.៦០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន១៤,២៨៦ នាក់៕











