ក្រុមអ្នកតវ៉ានៅទីក្រុង Novi Sad ភាគខាងជើងប្រទេសស៊ែរប៊ី បានស្វាគមន៍អ្នកផ្សេងៗទៀតដែលបានធ្វើដំណើរពីរដ្ឋធានី Belgrade កាលពីថ្ងៃសុក្រ ទី៣១ ខែមករា ក្នុងបាតុកម្មទ្រង់ទ្រាយធំរយៈពេលបីខែ ក្រោយការបាក់រលំដំបូលនៅឯស្ថានីយ៍រថភ្លើងក្នុងទីក្រុងនេះ។
ក្រុមអ្នកតវ៉ា បានអបអរអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ត ដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Aleksandar Vucic។
អ្នកតវ៉ាម្នាក់ និយាយថា «ក្នុងនាមជាប្រទេសមួយ យើងត្រូវរក្សាភាពរឹងមាំ និងជំរុញឱ្យអាជ្ញាធរ និងរដ្ឋទទួលខុសត្រូវ» ។
មនុស្ស១៤នាក់បានស្លាប់ នៅក្នុងការបាក់រលំដំបូលនៅស្ថានីយ៍រថភ្លើង ទីក្រុង Novi Sad កាលពីថ្ងៃទី ១ ខែវិច្ឆិកា ក្រោយមកមនុស្សម្នាក់ទៀតត្រូវបានប្រកាសថាស្លាប់ ដោយសាររបួសធ្ងន់។
ក្រុមអ្នកតវ៉ានិយាយថា អំពើពុករលួយរបស់រដ្ឋាភិបាលនិងការត្រួតពិនិត្យខ្សោយ នាំឱ្យមានមហន្តរាយនេះកើតឡើង។
ក្រុមអ្នកតវ៉ា គណបក្សប្រឆាំង និងក្រុមសិទ្ធិមនុស្ស ក៏បានចោទប្រកាន់លោក Vucic និងគណបក្ស ស៊ែរប៊ីជឿនលឿន (SNS) របស់លោក ពីបទសូកប៉ាន់អ្នកបោះឆ្នោត អំពើហិង្សាប្រឆាំងគូប្រជែង រារាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងជាប់ទាក់ទងជាមួយឧក្រិដ្ឋកម្មរៀបចំទុក ដែលការចោទប្រកាន់ទាំងអស់ លោក Vucic និងគណបក្សរបស់លោក បានបដិសេធ។