កងទ័ពរបស់ប្រទេសបារាំង បានបញ្ចប់ជាផ្លូវការនូវការដកកងទ័ពចេញពីប្រទេសឆាដ កាលពីថ្ងៃសុក្រ ទី៣១ ខែមករា ជាការបញ្ចប់វត្តមានយោធារបស់ប្រទេសបារាំង នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលបន្ទាប់ពីរយៈពេលជិត ៧០ ឆ្នាំ។
ទាហានបារាំងចុងក្រោយ បានចាកចេញពីមូលដ្ឋានយោធា អិន ចាមីណា(N'djamena) ក្នុងសប្តាហ៍នេះ មុនថ្ងៃផុតកំណត់ថ្ងៃទី ៣១ ខែមករា ដែលកំណត់ដោយប្រធានាធិបតីប្រទេសឆាដ លោក Mahamat Idriss Deby ។
លោក Deby ថ្លែងសុន្ទរកថានៅឯមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង N'djamena កាលពីថ្ងៃសុក្រ ដោយបានសាទរចំពោះការចាកចេញនេះថាជាពន្លឺថ្មីសម្រាប់ប្រទេសឆាដ។
ព្រឹត្តិការណ៍នេះ ត្រូវបានគេចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ រដ្ឋមន្ត្រីរដ្ឋាភិបាល និងអ្នកការទូត រួមជាមួយអ្នកឈរមើលយ៉ាងច្រើន។
ការដកកងទ័ពចេញពីប្រទេសឆាដ គឺជាផ្នែកមួយនៃការកាត់បន្ថយទំហំយោធារបស់បារាំងនៅទូទាំងអាហ្វ្រិកខាងលិច។
កងកម្លាំងប្រទេសបារាំង ក៏ត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសនីហ្ស៊េ ប៊ួគីណាហ្វាសូ និងប្រទេសម៉ាលី ក្រោយរដ្ឋប្រហារនៅក្នុងប្រទេសទាំងនោះ ខណៈប្រទេសសេណេហ្គាល់ កំពុងចរចាអំពីការចាកចេញរបស់កងទ័ពបារាំង នៅចុងឆ្នាំនេះផងដែរ។
ប្រទេសឆាដ បានប្រកាសពីការបញ្ចប់កិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា។ វត្តមានយោធារបស់ប្រទេសបារាំង នៅក្នុងប្រទេសឆាដ មានមកតាំងពីឯករាជ្យរបស់ប្រទេសក្នុងឆ្នាំ១៩៦០ ដែលដំបូងឡើយមានគោលបំណងបណ្តុះបណ្តាលយោធាប្រទេសឆាដ ដែលទើបបង្កើតថ្មី។