ភ្នំពេញ ៖∙ ក្នុងរយៈពេលចុងក្រោយនេះចលនាចូលរួមជីវភាពនយោបាយរបស់មន្រ្តី ឬសកម្មជនរបស់គណបក្សប្រឆាំង ជាមួយគណបក្សប្រជាជនកម្ពុជា ប្រៀបបានដូចជាភ្លៀងរលឹមបន្ទាប់ពីពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេ ខណៈការផ្តាច់ខ្លួនពីបក្សប្រឆាំងហើយសុំចូលរួមជាមួយគណបក្សកាន់អំណាចនេះមានទាំង ក្រៅស្រុក និងក្រុងស្រុក។
ការសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់នេះ ក្រោយពីពួកគេបានមើលឃើញថា ការធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ បញ្ហាពុករលួយ បែកបាក់សាមគ្គីផ្ទៃក្នុង និងអតីតមេដឹកនាំរបស់គណបក្សប្រឆាំងទាំងនេះ ភាគច្រើនបានកំពុងរត់ចោលស្រុកជាដើមនោះ គឺជាដើមហេតុដែលធ្វើឲ្យពួកគេអស់ជំនឿ និងលែងធ្វើតាម ឬស្តាប់តាមជាបន្តទៀត។
បើតាមរយៈវិដេអូឃ្លីប ដែលបងប្អូនអតីតសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋាន បានបង្ហោះ ជាបន្តបន្ទាប់តាមបណ្តាញសង្គមក្នុងរយៈពេលចុងក្រោយនេះ បានលើកឡើងថា ពួកគេសូមថ្កោលទោសដល់ទណ្ឌិតក្បត់ជាតិ និងបក្សពួក ដែលជាអ្នកនយោបាយទុច្ចរិត តែងកុហកបោកប្រាស់ប្រជាជនខ្មែរឲ្យប្រឆាំងនឹងផលប្រយោជន៍ជាតិ ហើយស្របពេលនោះពួកគាត់ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
បើតាមបងប្អូនដែលជាអតីតសកម្មជនរបស់បក្សប្រឆាំងទាំងនោះ បានលើកឡើងទៀតថាការដែលពួកគាត់ស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីពួកគាត់បានមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិមាតុភូមិ និងចូលរួមថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែល កំពុងមានសព្វថ្ងៃនេះ៕
អត្ថបទ ៖ បាន ចក់



