ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ត្រូវបានគេរំពឹងថា នឹងប្រគល់ជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ នៅថ្ងៃសៅរ៍ (ទី១ ខែកុម្ភៈ) នេះ ជាដំណាក់កាលថ្មីចុងក្រោយនៃការដោះដូរដែលបន្តមានយ៉ាងសន្សឹមៗ រវាងចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីន ក្រោមបទឈប់បាញ់ដែលមានបំណងបើកផ្លូវឲ្យមានការបញ្ចប់សង្រ្គាមរយៈពេល ១៥ខែ នៅតំបន់ហ្កាហ្សា។
ជនជាតិអ៊ីស្រាអែល ៣នាក់ រួមមានឈ្មោះ Yarden Bibas ឪពុករបស់ចំណាប់ថ្នូរដ៏ក្មេងជាងគេបំផុត ២នាក់ គឺទារកឈ្មោះ Kfir ដែលទើបកើតបាន ៩ខែ នៅពេលដែលត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងក្មេងឈ្មោះ Ariel ដែលមានអាយុ ៤ឆ្នាំ នៅពេលមានការវាយប្រហារឆ្លងព្រំដែន នាពេលនោះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហាម៉ាស បាននិយាយថា ក្មេងប្រុស និងម្តាយរបស់ពួកគេឈ្មោះ Shiri ដែលត្រូវបានចាប់ខ្លួនក្នុងពេលតែមួយ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ តែចាប់តាំងពីនោះមក មិនមានការនិយាយពាក់ព័ន្ធដល់ពួកគេទៀតឡើយ។
ក្រុមហាម៉ាស បានប្រាប់បន្ថែមថា ពលរដ្ឋសញ្ជាតិ២ អាមេរិក-អ៊ីស្រាអែលឈ្មោះ Keith Siegel និងបារាំង-អ៊ីស្រាអែលឈ្មោះ Ofer Kalderon ក៏នឹងជាផ្នែកមួយនៃការដោះដូរអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ១៨២នាក់ផងដែរ។ លើសពីនេះទៀត ថ្ងៃសៅរ៍នេះ ក៏ត្រូវបានគេរំពឹងថា នឹងឃើញប្រជាជនប៉ាឡេស្ទីនធ្វើដំណើរជាលើកដំបូង ពីតំបន់ហ្កាហ្សាទៅកាន់អេហ្ស៊ីប តាមរយៈច្រកឆ្លងកាត់ Rafah ដែលទើបនឹងបើកឡើងវិញ។
ចំណាប់ថ្នូរ ១៥នាក់ ក្នុង ៣៣នាក់ ដែលនឹងមានសេរីភាព ក្នុងដំណាក់កាលដំបូងនៃបទឈប់បាញ់ រហូតមកដល់ពេលនេះ ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីន ៤០០នាក់។ ការចរចាគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ស្ដីពីកិច្ចព្រមព្រៀងឲ្យមានការដោះលែងចំណាប់ថ្នូរជាង ៦០នាក់ដែលនៅសល់ និងការដកកងទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ក្នុងដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង ដែលត្រូវបានព្រមព្រៀងជាមួយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ហើយមានការគាំទ្រពីសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានបន្តដំណើរទៅមុខ បើទោះជាមានឧប្បត្តិហេតុមួយចំនួនដែលនាំឲ្យភាគីទាំង២ ចោទប្រកាន់គ្នាទៅវិញទៅមកថា រំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ៕