
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានសម្តែងពីការមានសុទិដ្ឋិនិយម បន្ទាប់ពីលោកបានជួបជាមួយបេសកជនអាមេរិក លោក Richard Grenell កាលពីថ្ងៃសុក្រ (ទី៣១ ខែមករា) ដោយបង្ហាញថា កិច្ចព្រមព្រៀងដំបូង អាចនាំទៅរកវឌ្ឍនភាពការទូតបន្ថែមទៀត។
បេសកជនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Grenell បាននិយាយកាលពីថ្ងៃសុក្រថា លោកបានវិលទៅសហរដ្ឋអាមេរិកវិញជាមួយនឹងពលរដ្ឋអាមេរិកចំនួន ៦នាក់ ដែលជាការវិវត្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីលោកបានជួបជាមួយលោក Maduro នៅទីក្រុង Caracas។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់តុលាការ កាលពីល្ងាចថ្ងៃសុក្រ អមដោយការបន្ថែមថា លោកនឹងរង់ចាំមើលថា តើអ្វីដែលបានពិភាក្សាជាមួយលោក Grenell ត្រូវបានឆ្លុះបញ្ចាំងនូវអ្វីដែលត្រូវបានទាក់ទងដោយសហរដ្ឋអាមេរិក អំពីកិច្ចប្រជុំនេះដែរ ឬទេ លោក Maduro បាននិយាយថា៖ «យើងបានឈានដល់កិច្ចព្រមព្រៀងដំបូងមួយចំនួន ហើយនៅពេលដែលកិច្ចព្រមព្រៀងទាំងនោះត្រូវបានបំពេញបានទាំងស្រុង ពួកគេនឹងចាប់ផ្ដើមប្រធានបទថ្មី។ យើងសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងថ្មី សម្រាប់ផលប្រយោជន៍នៃប្រទេសទាំង២ និងតំបន់ទាំងមូលរបស់យើង»។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រនោះ មន្ត្រីមកពីរដ្ឋបាល Trump បានប្រាប់ឲ្យដឹងថា គោលបំណងធំបំផុតមួយរបស់លោក Grenell សម្រាប់ដំណើរទស្សនកិច្ចនេះ គឺដើម្បីធានាបាននូវការដោះលែងពលរដ្ឋអាមេរិកដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសនេះ ខណៈដែលរដ្ឋបាល Trump បាន និងកំពុងជំរុញដល់ការនិរទេស និងកិច្ចប្រឹងប្រែងប្រឆាំងក្រុមអន្ធពាល នៅសហរដ្ឋអាមេរិក។
គេមិនទាន់ច្បាស់ទេថា តើពលរដ្ឋអាមេរិកប៉ុន្មាននាក់ ត្រូវបានចាប់ឃុំខ្លួនដោយវេណេហ្ស៊ុយអេឡា ប៉ុន្តែមន្ត្រីវ៉េណេស៊ុយអេឡា បាននិយាយជាសាធារណៈថា យ៉ាងហោចណាស់ក៏មាន ៩នាក់ដែរ៕