
ក្រុមហាម៉ាសបានប្រគល់ចំណាប់ថ្នូរចំនួន ២រូបទៅឲ្យកាកបាទក្រហម នៅទីក្រុង Khan Younis នាថ្ងៃសៅរ៍ (ទី១ ខែកុម្ភៈ) នេះ ខណៈដែលអាជ្ញាធរប៉ាឡេស្ទីន ប្រាប់ថា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសរាប់សិបនាក់។ នេះគឺជាការដោះដូរជុំទី៤ ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
បទឈប់បាញ់ដែលបានចាប់ផ្តើមកាលថ្ងៃទី១៩ ខែមករា គឺសំដៅកាត់បន្ថយសង្រ្គាមបង្ហូរឈាម និងបំផ្លិចបំផ្លាញបំផុតដែលមិនធ្លាប់មាន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ កិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ បានបន្តមានប្រសិទ្ធភាពអស់រយៈពេលជិត ២សប្តាហ៍ហើយ ដោយបានបញ្ឈប់ការប្រយុទ្ធគ្នា និងអនុញ្ញាតឲ្យមានជំនួយកាន់តែច្រើនឡើងហូរចូលទៅក្នុងដែនដីតំបន់ឆ្នេរដ៏តូចមួយនេះ។

ក្រុមសកម្មប្រយុទ្ធនេះ បានដោះលែងលោក Yarden Bibas វ័យ ៣៥ឆ្នាំ និងពលរដ្ឋសញ្ជាតិ២ បារាំង-អ៊ីស្រាអែលឈ្មោះ Ofer Kalderon វ័យ ៥៤ឆ្នាំ ដោយបានប្រគល់ទៅឲ្យកាកបាទក្រហម យ៉ាងមានរបៀបរៀបរយ ពោលគឺមិនមានបញ្ហារញ៉េរញ៉ៃដូចការប្រគល់ចំណាប់ថ្នូរនៅមុននោះឡើយ។ អ្នកទាំង២ ត្រូវបានចាប់ពង្រត់ អំឡុងពេលមានការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាហេតុការណ៍ដែលបង្កឲ្យមានសង្រ្គាមផ្ទុះឡើងយ៉ាងខ្លាំងក្លា។
ចំណាប់ថ្នូរម្នាក់ទៀត គឺពលរដ្ឋសញ្ជាតិអាមេរិក-អ៊ីស្រាអែលឈ្មោះ Keith Siegel វ័យ ៦៥ឆ្នាំ ក៏ត្រូវបានកំណត់ឲ្យសេរីភាព នៅថ្ងៃសៅរ៍នេះដែរ ហើយត្រូវបានគេរំពឹងថា នឹងប្រគល់ទៅឲ្យកាកបាទក្រហម នៅទីក្រុងហ្កាហ្សាភាគខាងជើង៕