
រថយន្តសង្គ្រោះរបស់អេហ្ស៊ីប នាថ្ងៃសៅរ៍ (ទី១ ខែកុម្ភៈ) ត្រូវបានឃើញកំពុងបើកបរឆ្លងកន្លែងឆ្លងកាត់ព្រំដែន Rafah ជាមួយតំបន់ហ្កាហ្សាដែលទើបនឹងបើកថ្មី ដោយគេរំពឹងថា នឹងដឹកអ្នករបួសប៉ាឡេស្ទីនជាលើកដំបូងដែលធ្វើដំណើរចេញពីតំបន់ហ្កាហ្សាទៅប្រទេសអេហ្ស៊ីប។
ទីកន្លែងឆ្លងកាត់ព្រំដែន Rafah នឹងត្រូវបានបើកឲ្យចេញ-ចូលជាលើកដំបូង សម្រាប់ក្រុមសកម្មប្រយុទ្ធដែលរងរបួសចំនួន ៥០នាក់ និងជនស៊ីវិលដែលរងរបួសចំនួន ៥០នាក់ រួមជាមួយនឹងអ្នកដែលអមដំណើរអ្នករបួសទាំងនោះ ដោយមនុស្ស ១០០នាក់ផ្សេងទៀតដែលភាគច្រើនទំនងជានិស្សិត ប្រហែលជាត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ដែរ ដោយហេតុផលមនុស្សធម៌។
ការចរចា គ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ជុំវិញកិច្ចព្រមព្រៀងឲ្យមានការដោះលែងចំណាប់ថ្នូរជាង ៦០នាក់ដែលនៅសល់ និងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ក្នុងដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង ដែលត្រូវបានព្រមព្រៀងដោយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា ហើយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក រហូតមកដល់ពេលនេះ បានបន្តដំណើរទៅមុខដោយមិនមានបញ្ហាអ្វី បើទោះជាមានឧប្បត្តិហេតុមួយចំនួនដែលនាំឲ្យភាគីទាំង២ ចោទប្រកាន់គ្នាទៅវិញទៅមកថា រំលោភលើកិច្ចព្រមព្រៀងនេះក៏ដោយ៕