
មន្ត្រីអ៊ុយក្រែនបានប្រាប់ថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូន និងមីស៊ីល មកលើអ៊ុយក្រែន នាថ្ងៃសៅរ៍ (ទី១ ខែកុម្ភៈ) នេះ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៤នាក់ និងបំផ្លាញអគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងតំបន់ជាច្រើនរបស់ប្រទេស។
ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មីស៊ីលរបស់រុស្ស៊ី ១គ្រាប់ បានធ្លាក់ចំអគារលំនៅឋានមួយកន្លែង នៅកណ្តាលទីក្រុង Poltava ដោយបានសម្លាប់មនុស្ស ៣នាក់ ហើយ ១០នាក់ផ្សេងទៀតរងរបួស ក្នុងនោះក៏មានកុមារផងដែរ។
ក្រសួងបានបង្ហោះរូបភាពនៅលើកម្មវិធីផ្ញើសារ Telegram បង្ហាញពីអគារលំនៅឋានជាច្រើនខ្នងដែលមានជាន់ខាងលើ ត្រូវរងខូចខាត ហើយមានផ្សែងហុយយ៉ាងទ្រលោមទៅលើមេឃ។ កងពន្លត់អគ្គិភ័យ និងអ្នកជួយសង្គ្រោះរាប់សិបនាក់ កំពុងនាំគ្នាដើរឆ្លងកាត់គំនរបាក់បែក។
ចំណែកអភិបាលក្រុង Kharkiv បាននិយាយថា មនុស្សម្នាក់ បានស្លាប់ និង ៤នាក់ទៀត រងរបួស នៅក្នុងទីក្រុង Kharkov ភាគឦសាន ដោយសារការវាយប្រហារដោយយានដ្រូន។

ជាមួយគ្នានេះ ក្រុមមន្ត្រីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី ក៏បានបំផ្លាញអគារ នៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍អ៊ុយក្រែនផងដែរ។ មន្ត្រីទាំងនោះ បានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ក៏កំពុងទប់ទល់នឹងការវាយប្រហារ នៅក្នុងទីក្រុងគីវផងដែរ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់ និងរបួស នៅក្នុងរដ្ឋធានីនេះឡើយ។
ការវាយប្រហារ នាព្រឹកថ្ងៃសៅរ៍នេះ កើតមានឡើងបន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើកំពង់ផែសមុទ្រខ្មៅ នៅភាគខាងត្បូងនៃទីក្រុង Odesa កាលពីល្ងាចថ្ងៃមុន ដែលបានបង្កការខូចខាតដល់មជ្ឈមណ្ឌលប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ៕