
ក្រុមមន្ត្រីបាននិយាយថា សារមន្ទីរមួយ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលដាក់តាំងបង្ហាញប្រវត្តិសាស្រ្តនៃអក្ខរក្រមកូរ៉េ ត្រូវបានអគ្គិភ័យឆាបឆេះ នាថ្ងៃសៅរ៍ (ទី១ ខែកុម្ភៈ) នេះ ដោយគេមើលឃើញសំណុំផ្សែងយ៉ាងក្រាស់ឃ្មឹកហុយយ៉ាងទ្រលោម នៅកន្លែងនោះ។
ការិយាល័យរដ្ឋបាលតំបន់ នៅកណ្តាលទីក្រុងសេអ៊ូល ទទួលបន្ទុកតំបន់ដែលជាទីតាំងរបស់សារមន្ទីរនេះ បានឲ្យដឹងថា អគ្គិភ័យនេះ បានកើតមានឡើងពីខាងលើដំបូលនៃសារមន្ទីរជាតិ Hangeul របស់ប្រទេសកូរ៉េ (National Hangeul Museum of Korea) នៅម៉ោងប្រហែល ៨:៤០នាទីព្រឹក ម៉ោងក្នុងស្រុក។
រូបភាពពីទូរទស្សន៍ បានបង្ហាញឲ្យឃើញផ្សែងដ៏ក្រាស់ឃ្មឹកពណ៌ប្រផេះខ្មៅហុយទៅលើមេឃពីលើដំបូលអគារនោះ។ មិនទាន់មានព័ត៌មានលម្អិត អំពីការស្លាប់ និងរបួស ត្រូវបានគេដឹងភ្លាមៗនៅឡើយទេ ប៉ុន្តែទូរទស្សន៍ក្នុងស្រុក YTN បានរាយការណ៍ថា អ្នកពន្លត់អគ្គិភ័យម្នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការិយាល័យរដ្ឋបាលក្នុងតំបន់ បានព្រមានអ្នករស់នៅក្បែរនោះកុំឲ្យបើកបង្អួច។

ស្ថាប័នគ្រប់គ្រងដោយរដ្ឋ ដែលមានទីតាំងនៅកណ្តាលរដ្ឋធានីសេអ៊ូល ផ្ទុកនូវសម្ភារៈ និងវត្ថុបុរាណដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ទាក់ទងនឹងអក្សរកូរ៉េតែមួយគត់ ដែលត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ១៤៤៣។
ឧបទ្ទវហេតុអគ្គិភ័យនេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan មួយគ្រឿងត្រូវបានឆេះ នៅអាកាសយានដ្ឋានអន្តរជាតិ Gimhae កាលពីថ្ងៃទី២៨ ខែមករា ដោយបានជំរុញឲ្យមនុស្ស ១៧៦នាក់ ត្រូវជម្លៀសចេញ និងបណ្តាលឲ្យមនុស្ស ៧នាក់រងរបួស៕