ករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន នៅឆ្នេរព្រែកត្រែង។
បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ សង្កាត់ ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីស្វែងរកប្រភព នៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រ និងបានចាត់កំលាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង។ ចំពោះមុខរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្តនៅឆ្នេរព្រែកត្រែង សូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។ ចំពោះករណីនៃបញ្ហានេះ និងផលប៉ះពាល់រង់ចាំក្រសួងបរិស្ថាន និងក្រសួងរ៉ែថាមពល ដែលកំពុងធ្វើការ រួចនឹងប្រកាសព័ត៌មាន ។
ករណីនេះ ភ្នាក់ងារទូរទស្សន៍ប៊ីធីវី កំពុងព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីសុំរបាយការណ៍ព័ត៌មានបញ្ជាក់បន្ថែមប្រភពកើតហេតុ និងផលប៉ះពាល់ ព្រមទាំងវិធានការ រួមទាំងទំនួលខុសត្រូវចំពោះករណីនេះ ដោយសារក្រសួងទាំងពីរកំពុងធ្វើការលើករណីនេះ មិនទាន់ឆ្លើយតបនៅឡើយទេ។ នៅពេលបានទទួលសេចក្ដីប្រកាសព័ត៌មាន ឬការឆ្លើយតបយ៉ាងណាពីក្រសួងបរិស្ថាន ទូរទស្សន៍ប៊ីធីវី នឹងធ្វើការផ្សាយជូនបន្ថែមទៀត៕









