ក្រុមអាជ្ញាធរអូស្ត្រាលីនៅថ្ងៃអាទិត្យ ២កុម្ភៈ បានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ និងបានជំរុញឱ្យមនុស្សរាប់ពាន់នាក់នៅភាគខាងជើងរដ្ឋ Queensland ទៅកាន់កន្លែងមានសុវត្ថិភាព ដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។

នគរបាលបានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីនាវាសេវាសង្គ្រោះបន្ទាន់របស់រដ្ឋបានក្រឡាប់។ មនុស្ស ៥ នាក់ត្រូវបានជួយសង្គ្រោះចេញពីនាវានោះ។
អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ទឹកជំនន់ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីប្រព័ន្ធសម្ពាធទាបដែលសម្បូរទៅដោយសំណើមត្រូពិក ដោយបន្ថែមថាបរិមាណទឹកភ្លៀងសរុបក្នុងរយៈពេល ២៤ម៉ោងទំនងជាកើនឡើងដល់ ៣០០ មីលីម៉ែត្រ ឬស្មើ ១១,៨ អ៊ីញ។

ទឹកជំនន់ជាញឹកញាប់បានវាយប្រហារភាគខាងកើតនៃប្រទេសអូស្ត្រាលីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងមួយសតវត្សមិនធ្លាប់មាន ដែលបានជន់លិចទឹកដីភាគខាងជើងជិតខាងកាលពីខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងព្រឹត្តិការណ៍អាកាសធាតុ ឡា នីញ៉ា (La Nina) ៕