លោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន.វៀតណាម ខេត្តស្វាយរៀង មានភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានធម្មជាតិ និងកែច្នៃព្រមទាំងស្នាក់នៅក្នុងខេត្ត មានចំនួន ៣ពាន់ ៤០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣ពាន់ ២៤នាក់ និងភ្ញៀវទេសចរបរទេសចំនួន១៦នាក់។
លោកបានឱ្យដឹងថា កត្តាដែលខេត្តស្វាយរៀង មិនសូវមានភ្ញៀវចូលមកលេងកម្សាន្តច្រើនដូចខេត្តនានា មកពីស្វាយរៀងពុំមានកន្លែងលេងកម្សាន្តច្រើនក្រៅតែពីរមណីយ ប្រាង្គប្រាសាទព្រៃបាសាក់ មួយកន្លែង ស្ថិតនៅក្នុងស្រុកស្វាយជ្រំ និងប្រាង្គប្រាសាទជីហោ ស្ថិតនៅឃុំគគីរ ស្រុករមាសហែក សម្រាប់ផ្តល់ឱ្យពលរដ្ឋ ភ្ញៀវ ពិសេស យុវជនចូលទស្សនា សិក្សា និងស្វែងយល់។
លោក បានបន្តថា ក្នុងអំឡុងភ្ញៀវជាតិនិងអន្តរជាតិចូលមកលេងកម្សាន្តក្នុងខេត្ត នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ពិសេស អាហារដ្ឋាននានា មិនមានការតម្លើងតម្លៃសេវាទាំងនោះទេ ខណៈដែលសន្តិសុខត្រូវបានធានាសុវត្តិភាពទាំងការដើរកម្សាន្ត និងស្នាក់នៅ៕
