តាកែវ៖ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានដឹកនាំកម្លាំងចម្រុះរួមមាន៖ កម្លាំងនគបាល ទាហាន និងកងរាជអាវុធហត្ថ ចុះបង្រ្កាប និងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុស ដែលក្រុមជនខិលខូច បានធ្វើការលួចដាំខុសច្បាប់ នៅតាមជំរាលភ្នំបាយ៉ងកោ ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ។នៅក្នុងការដឹកនាំកម្លាំងចុះបង្រ្កាប និងកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កម្លាំងចម្រុះបានធ្វើការកាប់និងដុតបំផ្លាញទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ចំនួន៧ទីតាំង ដែលមានដើមកញ្ឆាជាង៣ពាន់ដើម នៅលើផ្ទៃដីប្រមាណជាង ១ពាន់ម៉ែត្រការ៉េ ព្រមទាំងបានបំផ្លាញអាងទឹកសម្រាប់ស្រោចស្រពដំណាំកញ្ឆាចំនួន៦អាង ទឹកថែមទៀតផង។
លោកក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់សមត្ថកិច្ច ជាពិសេសសមត្ថកិច្ចនៅមូលដ្ឋានធ្វើការតាមដានឃ្លាំមើលអោយបានញឹកញាប់ និងបន្តចុះពិនិត្យមើលដល់ទីតាំងដើម្បីធ្វើយ៉ាងណាបង្រ្កាបអោយអស់នៅការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះ នៅតាមជំរាលភ្នំបាយ៉ង់កោ ក្នុងស្រុកគីរីវង់។
ឯកឧត្តមអភិបាលខេត្តតាកែវ បានណែនាំដល់កម្លាំងចម្រុះទាំងអស់ត្រូវចុះបង្រ្កាបការលួចដាំដំណាំកញ្ឆាខុសច្បាប់នៅតាមជួភ្នំបាយ៉ងកោ ក្នុងស្រុកគីរីវង់ រៀងរាល់៣ខែម្ដង និងត្រូវធ្វើដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាទប់ស្កាត់ អោយបាននៅការលួចដាំដំណាំកញ្ឆាខុសច្បាប់នេះអោយអស់៕





