កំពង់ធំ៖ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់បង្កើនការយកចិត្តទុក ដាក់លើសកម្មភាពជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតជាមុខរបរដោយអនុវត្តទៅលើការចិញ្ចឹមសត្វ និងដាំបន្លែលក្ខណៈគ្រួសារ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១, ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ រៀបចំកម្មវិធីសិក្ខាសាលា ឆ្លុះបញ្ចាំងស្ដីពីការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ ជាមួយគ្នានេះ លោក គៀង សេងគី ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ជំរុញដល់សមាជិកក្រុមប្រឹក្សាបង្កើនការយកចិត្តទុកដាក់បន្ថែមជួយទ្រទ្រង់ជីវភាពពលរដ្ឋដែលមានភាពខ្វះខាត។
លោកបន្តថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ តែងតែចុះ សកម្មភាពនៅតាមមូលដ្ឋាន ដែលមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA) ដែលអង្គការទាំងអស់នេះបានជួយទៅលើ គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុម ប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន និងបានជួយទៅលើប្រជាពលរដ្ឋមានមុខរបរជួបការលំបាក និងការអនុវត្តមុខ របរខ្នាតតូច ដោយអនុវត្តទៅលើការចិញ្ចឹមសត្វ ការដាំបន្លែលក្ខណៈគ្រួសារ រួមទាំងជួយទៅដល់សិស្ស ក្រីក្រជាស្រីភេទ មានការលំបាកដោយធ្វើយ៉ាងណាឲ្យសិស្សស្រីបានសិក្សាបញ្ចប់មធ្យមសិក្សាទុតិយភូមិ និងជួយទៅដល់ប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតដោយ សារផលប៉ះពាល់កូវីដ និងទម្រង់ការធ្វើអគារ ស្នាក់នៅរបស់គ្រូបង្រៀន សិស្សដែលមកពីឆ្ងាយ និងសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ផងដែរ។
លោកបានសំណូមពរដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាពក្នុងការបម្រើរសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ត្រូវមានការសាមគ្គីភាពរវាងគ្នានិងគ្នាដើម្បីបម្រើប្រជាពលរដ្ឋឲ្យ មានតម្លាភាពយុត្តិធម៌ ស្មោះត្រង់ព្រមទាំងមានភាពម៉ឹងម៉ាត់ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ៕
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ





