សៀមរាប៖ ពិធីចាប់ត្រីរួមគ្នា តាមទំនៀមទម្លាប់បុរាណ សម្រាប់ពិធីបុណ្យឡើងមាឃ របស់សហគមន៍ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្រាប់ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៧:០០ នាទីព្រឹកថ្ងៃអាទិត្យ ទី៩ ខែកុម្ភ: ឆ្នាំ២០២៥ខាងមុខនេះ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាងគង ខេត្ដសៀមរាបបានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្វធ្វើនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។
ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុសស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផងដែរ។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។
ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន។
សូមជម្រាបថា ប្រជាពលរដ្ឋជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សាប្រពៃណីវប្បធម៌ទាំងរូបិយនិងអរូបិយ ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំបងប្អូនប្រជាពលរដ្ឋ តែងតែរួមគ្នាមកប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា៖ ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោជុប និងពិធីប្រពៃណីសាសនាជាច្រើនទៀត ដែលប្រពៃណីទំនៀមទម្លាប់ទាំងអស់នេះហើយ ជាការបន្តនូវអត្តសញ្ញាណរបស់អង្គរឱ្យមានជីវិតរស់រវើក៕