ស៊ីហ្គេម៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញក្ដីរំពឹងថា នឹងមានសិក្ខាកាមជាអ្នកខេត្តរតនគិរីចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជានៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣។

ការលើកឡើងនេះបន្ទាប់ពី NOCC បានរៀបចំវគ្គសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡារយៈពេល ៤ថ្ងៃតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ។ ឯកឧត្តមថា នេះជាវគ្គចុងក្រោយសម្រាប់ឆ្នាំ២០២១ ហើយក៏ជាលើកទី២ ដែល NOCC បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវគ្គដ៏មានសារៈសំខាន់នេះនៅខេត្តរតនគិរីផងដែរ បន្ទាប់ពីធ្លាប់រៀបចំម្ដងកាលពីប្រមាណ ១០ឆ្នាំមុន។ អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ដថា ទោះបីក្នុងដំណាក់កាលវិបត្តិកូវីដ តែមិនមែនជាឧបសគ្គក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេសដល់មន្ដ្រី ក៏ដូចជាគ្រូអប់រំកាយ និងកីឡា តាមបណ្ដាខេត្តនោះទេ ជាក់ស្ដែង NOCC បានរៀបចំ ៤លើកមកហើយក្នុងឆ្នាំ២០២១ នេះ ហើយលោកសង្ឃឹមថា វគ្គនេះរួមចំណែកដ៏សំខាន់ដើម្បីកសាងសមត្ថភាព និងបច្ចេកទេសមន្ដ្រី ក៏ដូចជាគ្រូកីឡាដើម្បីចូលរួមយុទ្ធនាការឆ្ពោះទៅឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ការរៀបចំវគ្គនេះគឺដើម្បីបន្ថែមនូវគុណតម្លៃ និងចំណេះដឹងកីឡាដល់មន្ដ្រី និងគ្រូកីឡាតាមខេត្ត ហើយឯកឧត្តមសង្ឃឹមថា អ្នកដែលបានបញ្ចប់វគ្គសិក្សានេះនឹងក្លាយជាទៅអ្នកដែលមានចំណេះដឹងបន្ថែមទៀតទៅលើវគ្គរដ្ឋបាលកីឡា ទ្រឹស្ដីកីឡា និងបច្ចេកទេសកីឡា ហើយអាចជួយដល់ស៊ីហ្គេមនៅកម្ពុជា ពិសេសឯកឧត្តមរំពឹងថា អ្នកចូលរួមវគ្គរដ្ឋបាលកីឡានៅខេត្ដរតនគិរីនេះ នឹងមានអ្នកស្ម័គ្រចិត្តចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១ នេះ ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិក NOCC បានរៀបចំវគ្គរដ្ឋបាលកីឡាចំនួន ៤លើកនៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកែប និងខេត្តរតនគិរីកាលពីថ្មីៗ ក្រោមការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ៣រូបគឺមានឯកឧត្តម វ៉ាត់ ចំរើន, លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ លី ឈុនឡា