លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ២ កុម្ភៈ ថា ប្រជាជនអាមេរិកអាចមានអារម្មណ៍ប៉ះពាល់ខាងសេដ្ឋកិច្ចពីការដំឡើងពន្ធរបស់លោកលើដៃគូពាណិជ្ជកម្មសំខាន់ៗ ប៉ុន្តែបានប្រកែកថា នោះនឹងជាតម្លៃដ៏សក្តិសមដើម្បីទទួលបានផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក។

បន្ទាប់ពីភាពមិនច្បាស់លាស់ជាច្រើនសប្តាហ៍ លោក Trump កាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើក្រឹត្យដំឡើងពន្ធ២៥ភាគរយទៅលើប្រទេសម៉ិកស៊ិក និងកាណាដា ទោះបីជាមានកតិកាសញ្ញាពាណិជ្ជកម្មសេរីក្នុងតំបន់ក៏ដោយ ខណៈដំឡើងពន្ធលើប្រទេសចិន១០ ភាគរយបន្ថែមពីលើការយកពន្ធដែលមានស្រាប់។

សេចក្តីប្រកាសនេះបានចេញផ្សាយក្នុងសប្តាហ៍ទីពីរនៃអាណត្តិថ្មីរបស់លោក Trump ស្របពេលប្រធានាធិបតីថ្មីរូបនេះមើលឃើញគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ប្រទេសចិន ម៉ិកស៊ិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតទាំងបីរបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំងអស់នោះ បានប្តេជ្ញាសងសឹកនៅពេលការដំឡើងពន្ធចូលជាធរមាននៅថ្ងៃអង្គារទី៤កុម្ភៈសប្ដាហ៍នេះ។
លោក Trump បានសរសេរនៅព្រឹកថ្ងៃអាទិត្យលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth របស់លោកថា តើនឹងមានការប៉ះពាល់ខ្លះដែរទេ?មែនហើយ អាច ហើយប្រហែលជាមិនប៉ះពាល់ទេ។ផលប៉ះពាល់ពីការដំឡើងពន្ធនឹងជាតម្លៃដ៏សក្តិសម៕