លោកស្រីប្រធានាធិបតីម៉ិកស៊ិក ខ្លោឌៀ សេនបូម (Claudia Sheinbaum) បាននិយាយកាលពីថ្ងៃអាទិត្យ ២ កុម្ភៈ ថាពលរដ្ឋអាមេរិកនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការដំឡើងពន្ធ២៥% លើប្រទេសម៉ិកស៊ិកពីសំណាក់រដ្ឋបាលរបស់លោក Trump ។

កាលពីថ្ងៃសៅរ៍ ១កុម្ភៈ មេដឹកនាំម៉ិកស៊ិករូបនេះ បានបញ្ជាឱ្យដំឡើងពន្ធសងសឹកជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធ២៥% លើទំនិញទាំងអស់ដែលនាំចេញពីម៉ិកស៊ិក ខណៈសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើងរវាងប្រទេសជិតខាងទាំងពីរ។

លោកស្រី បាននិយាយថារដ្ឋាភិបាលរបស់ខ្លួនបានស្វែងរកការសន្ទនាជាជាងការប្រឈមដាក់គ្នាជាមួយដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់ខ្លួន ប៉ុន្តែការប្រកាសអំពីអ្វីដែលគេហៅថាផែនការ B ជាការឆ្លើយតបដែលត្រូវបានធ្វើឡើងនៅថ្ងៃចន្ទទី៣កុម្ភៈសប្ដាហ៍នេះអំឡុងសន្និសីទព័ត៌មានពេលព្រឹក។

អស់ជាច្រើនទស្សវត្សមកហើយ ប្រទេសជិតខាងទាំងពីរបានមើលឃើញពាណិជ្ជកម្មឆ្លងព្រំដែនកើនឡើង រួមទាំងពីឧស្សាហកម្មរថយន្តដែលរួមបញ្ចូលគ្នាយ៉ាងខ្ពស់ ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេងឆៅ ឧស្ម័នធម្មជាតិ និងឥន្ធនៈ រវាងប្រទេសទាំង២។
នៅក្នុងការប្រកាសរបស់លោកស្រី ក៏បានច្រានចោលការចោទប្រកាន់របស់សេតវិមានផងដែរដែលថាក្រុមជួញដូរគ្រឿងញៀនមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលម៉ិកស៊ិក ជាចំណុចមួយដែលរដ្ឋបាលរបស់លោក Trump ប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការដំឡើងពន្ធនេះ។
លោក Trump បាននិយាយថា ការដំឡើងពន្ធលើប្រទេសម៉ិកស៊ិកគឺដោយសារតែប្រទេសនេះបរាជ័យក្នុងការបញ្ឈប់សារធាតុញៀនហ្វង់តានីល (fentanyl) មិនឲ្យហូរចូលក្នុងសហរដ្ឋអាមេរិក ក៏ដូចជាអ្វីដែលលោកហៅថាការធ្វើអន្តោប្រវេសន៍ដោយគ្មានការគ្រប់គ្រង៕