លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួបលើកដំបូងរបស់លោក Donald Trump ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកបានចូលកាន់តំណែង។

មេដឹកនាំទាំងពីរ នឹងត្រូវជួបគ្នានៅថ្ងៃអង្គារទី៤កុម្ភៈសប្ដាហ៍នេះ ស្របពេលមានភាពមិនច្បាស់លាស់យ៉ាងខ្លាំងគ្របដណ្ដប់លើជំនួបរវាងលោកទាំង២។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងទៅដល់សហរដ្ឋអាមេរិកក្នុងពេលដ៏សំខាន់មួយ ជាមួយនឹងការចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់នៅក្នុងដែនដីហ្កាហ្សា ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃចន្ទ។

ប្រសិនបើការចរចាទាំងនោះបរាជ័យ អ៊ីស្រាអែល អាចបន្តការវាយលុករបស់ខ្លួននៅដើមខែមីនាខាងមុខ។
លោក Netanyahu បានលើកសរសើរពីជំនួបនេះថាជា ការបង្ហាញភាពរឹងមាំនៃមិត្តភាពផ្ទាល់ខ្លួនរបស់លោក និងប្រធានាធិបតីថ្មីអាមេរិក ។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅពេលលោកឡើងយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានរាយបញ្ជីចំណុចសំខាន់ៗ រួមទាំង ជ័យជម្នះលើក្រុមហាម៉ាស ការផ្លាស់ប្តូរមជ្ឈិមបូព៌ា និងប្រឆាំងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសអ៊ីរ៉ង់៕